សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្តី

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥ នៅវិមានសន្ដិភាព ទីស្តីការគណៈរដ្ឋមន្ត្រី មានបើកសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានរៀបចំឡើងក្នុងសុឆន្ទៈកសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍយូរអង្វែង ដោយផ្អែកលើមូលដ្ឋាននៃការគោរពឯករាជ្យភាព អធិបតេយ្យ ភាព បូរណភាពទឹកដី គោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព និង ការអភិវឌ្ឍលើគ្រប់វិស័យ សំដៅធានានូវស្ថិរភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយ ព្រំដែននៃព្រះរាជាណាក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សន្ធិសញ្ញានេះ គឺជាកំណត់ត្រាទទួលយកលទ្ធផលនៃការត្រួតពិនិត្យខ្សែព្រំដែនរួម ប្រមាណ ៨៦% ដែល ប្រទេសទាំងពីរសម្រេចបានលើការងារព្រំដែន ដែលត្រូវបានប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរចុះហត្ថលេខា កាល ពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសម្រាប់ ជាឯកសារផ្លូវការមូលដ្ឋានដ៏សំខាន់បំផុត ក្នុងការបន្តរកដំណោះស្រាយតំបន់ព្រំដែនដែលនៅសល់ប្រមាណជាង ១៤% ទៀត។

ផ្អែកលើគោលការណ៍ទាំងឡាយដែលភាគីទាំងពីរយកជាមូលដ្ឋានក្នុងការកសាងព្រំដែននាពេលកន្លងមក ភាគី ទាំងពីរបានជួបចរចាចំនួន ១៨៨លើក តាំងពីឆ្នាំ១៩៩៥-២០០៩ សម្រេចបានការត្រួតពិនិត្យខ្សែព្រំដែនប្រមាណ ៨៦% ស្មើនឹង៤៦៥គ.ម. នៃខ្សែព្រំដែនរួមប្រវែងប្រមាណ ៥៤០គ.មដោយបោះបង្គោលបានចំនួន ១២១បង្គោល នៅលើដីជាក់ស្ដែង។ ចំពោះ កំណាត់ដែលនៅសល់ ភាគីទាំងពីរនឹងបន្តចរចារដោះស្រាយឱ្យបានឆាប់។

បន្ទាប់ពីសន្ធិសញ្ញានេះចូលជាធរមាន ភាគីទាំងពីរនឹងត្រូវចុះវាស់វែងឡើងវិញនូវនិយាមការបង្គោលព្រំដែន ទាំង១២១ ដែលបានបោះរួចហើយ ដើម្បីយកនិយាមការទីតាំងបង្គោលព្រំដែនដែលជាក់លាក់ជាងមុន ទុកបម្រើឱ្យ ការងារធ្វើពិធីសារខណ្ឌសីមា និងបោះបង្គោល។ បង្គោលព្រំដែនអចិន្ត្រៃយ៍កម្ពុជា-ឡាវ ដែលបោះថ្មីជំនួសបង្គោល ចាស់នឹងរឹងមាំជាងមុនធំជាងមុន។ ភាគីទាំងពីរនឹងបោះបង្គោលព្រំដែនបំពេញបន្ថែម បង្គោលតម្រុយព្រំដែនឱ្យបាន ច្រើនបន្ថែមទៀតនៅតំបន់ដែលឯកភាពគ្នា។ ភាគីទាំងពីរនឹងផលិតផែនទីឋានលេខាព្រំដែនខ្នាត ១/២៥ ០០០ ដើម្បីភ្ជាប់ជាឧបសម្ព័ន្ធនៃពិធីសារខណ្ឌសីមាដែលនឹងត្រូវរៀបចំឡើងនៅពេលការងាខាងលើបានបញ្ចប់រួចរាល់។ ភាគី ទាំងពីរ កម្ពុជា-ឡាវ បានឯកភាពគ្នាចេញចំណាយពាក់កណ្ដាលម្នាក់សម្រាប់ការងារខាងលើ។

សេចក្តីព្រាងច្បាប់នេះ មាន ៣មាត្រា ហើយសន្ធិសញ្ញាដែលជាខ្លឹមសារភ្ជាប់ជាមួយមាន ៦ ប្រការ និង ឧបសម្ព័ន្ធចំនួន៤ និងត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ៕ អត្ថបទ៖ វណ្ណ លុក ,រូបភាព ៖ វេង លឹមហួត+សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner