ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចុះពិនិត្យព្យាបាលប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យជិត ២ពាន់នាក់

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចុះពិនិត្យនិងព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋសរុបចំនួន ១,៨៥០នាក់ ស្មើនឹង ៣,៦៩៣ករណី និងបានចែកសម្ភារសិក្សាដល់សិស្សក្រីក្រ ២០០នាក់ ស្ថិតនៅក្នុងបរិវណសាលាបឋមសិក្សាស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគម និងក្រុមគ្រូពេទ្យមកពីប្រទេសម៉ាឡេស៊ី និងជប៉ុន សហការជាមួយយុវជន មន្រ្តី កងកម្លាំង និងផ្នែកពាក់ព័ន្ធជាច្រើនទៀត ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែគិតគូរសុខទុក្ខ ចំពោះសុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងតែងតែបង្កលក្ខណៈងាយស្រួល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងបញ្ជូនប្រជាពលរដ្ឋ ដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅតាមមន្ទីរពេទ្យធំៗក្នុងរាជធានីភ្នំពេញ ក្រោមការជួយឧបត្ថម្ភទាំងស្រុងពីសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ។

លោកជំទាវបន្តថា គោលបំណងសំខាន់របស់សមាគម គឺ ការរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។ ចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសតាមទីជនបទដាច់ស្រយាលនានា ។ ចូលរួមចំណែកបណ្ដុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៍ដូចជាផ្តល់ជូនប្អូនៗនិសិ្សត និងយុវជនស្ម័គ្រចិត្តដទៃទៀត អោយបានចូលរួមចំណែកបំរើការងារមនុស្សធម៌ក្នុងសង្គម។

លោកជំទាវបញ្ជាក់ថា អ្វីដែលពិសេសនោះសកកម្មនាថ្ងៃនេះ TYDA បានដឹកនាំក្រុមគ្រូពេទ្យជាង២០០នាក់ ក្នុងនោះមានក្រុមគ្រូពេទ្យមកពីប្រទេសម៉ាឡេស៊ី ជំនាញចាប់សសៃ និងពីប្រទេសជប៉ុនជំនាញជំងឺ ត្រចៀក ច្រមុះ បំពង់ក មកព្យាបាលជូនប្រជាពលរដ្ឋនៅទីនេះ។

លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម បានដឹកនាំដឹកនាំក្រុមគ្រូពេទ្យ ចុះមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅទីនេះដោយឥតគិតថ្លៃ ដែលសកម្មភាពទាំងនេះ គឺបានជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពល រដ្ឋបានមួយកម្រិតថែមទៀត។

ប្រជាពលរដ្ឋដែលបានទទួលសេវាព្យាបាលនាឱកាសនេះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត រកអ្វីផ្ទឹមពុំបាន ដោយមានក្រុមគ្រូពេទ្យរបស់សម្តេចតេជោ ចុះមកព្យាបាលដោយគិតគិតថ្លៃ។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម (TYDA) ព្យាបាលជម្ងឺទូទៅប្រជាពលរដ្ឋដោយគិតថ្លៃនាឱកាសនេះសរុបចំនួន ១,៨៥០នាក់ ស្មើនឹង ៣,៦៩៣ករណី។ ករណីឈឺធ្ងន់ធ្ងរត្រូវបញ្ជូនមកព្យាបាលបន្តមានចំនួន ៧៨នាក់ ក្រោមការចំណាយ និងឧបត្ថម្ភទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕ ប្រភព ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner