គ.ជ.ប ណែនាំគណបក្សនយោបាយឱ្យគោរពច្បាប់ ចំពោះការហែក្បួនឃោសនាបោះឆ្នោត
ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដល់គណបក្សនយោបាយ ដែលបាន ចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឱ្យមានកិច្ចសហការ និងគោរពតាមបទបញ្ជា និងនីតិវិធីច្បាប់ ចំពោះការហែក្បួនឃោសនាបោះឆ្នោត និងសកម្មភាពចែកខិត្តបណ្ណនៅតាមផ្សារ ក្នុងអំឡុងពេលឃោសនា សម្រាប់ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ, ក្រុងសំពៅពូន, ក្រុងឧដុង្គម៉ែជ័យ, ស្រុកសាមគ្គីមុនីជ័យ និងស្រុកអូរគ្រៀងសែនជ័យ ។
យោងតាមសេចក្តីណែនាំរបស់គ.ជ.បថ្ងៃទី ២១ ខែមីនាឆ្នាំ២០២៣ បានឱ្យដឹងថា គណបក្សនយោបាយត្រូវមានការរៀបចំជាក្បួន មានបិទបដា ឬ/និងពាក្យស្លោក ឬ/និងសារនយោបាយ ផ្សេងៗ ភ្ជាប់នឹងយានជំនិះគ្រប់ប្រភេទ និងមានការចាក់ផ្សាយដោយឧបករណ៍បំពងសំឡេង ដោយមានអ្នកចូលរួមចាប់ពី ២០ នាក់ឡើងទៅ។ ក្នុងកំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ត្រូវបានធ្វើយ៉ាងច្រើន ២ដង ក្នុងព្រំប្រទល់ក្រុង ស្រុកដែលសាមីគណបក្សនយោបាយមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ នេះបើតាមការណែនាំបន្ថែម ដោយបានបញ្ជាក់ថា
ការហែក្បួនឃោសនាបោះឆ្នោតក្រៅមណ្ឌលបោះឆ្នោត មិនត្រូវបានអនុញ្ញាតឡើយ។
គ.ជ.បបានបន្ថែមថា ចំពោះការហែក្បួនឃោសនាបោះឆ្នោត និងសកម្មភាពក្នុងផ្សារ ត្រូវជូនដំណឹងពីការហែក្បួនឃោសនាបោះឆ្នោត ជាលាយលក្ខណ៍អក្សរទៅ គណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោត (គ.ខ.ប) ពាក់ព័ន្ធ យ៉ាងតិចឱ្យបាន ៣ ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។ ការជូនដំណឹងនេះ ត្រូវបញ្ជាក់ឱ្យបានច្បាស់ពី នាមត្រកូល នាមខ្លួន និងអាសយដ្ឋានអចិន្ត្រៃយ៍របស់តំណាងគណបក្សកាលបរិច្ឆេទ និងពេលវេលានៃការហែក្បួនទីតាំងប្រមូលផ្តុំ និងតម្រាយផ្លូវដែលត្រូវហែក្បួន
និងទីតាំងរំសាយចំនួនអ្នកចូលរួមចំនួនយានជំនិះតាមប្រភេទនីមួយៗ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ដែរថា ៖ «ការជូនដំណឹងពីការធ្វើសកម្មភាពចែកខិត្តបណ្ណនៅក្នុងផ្សារគ្រប់គណបក្សនយោបាយទាំងអស់ សាមីគណបក្សនោះត្រូវស្នើសុំទៅ អ្នកគ្រប់គ្រងផ្សារ និងជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ គ.ខ.ប ពាក់ព័ន្ធ យ៉ាងតិចណាស់ឱ្យបាន ៣មុនថ្ងៃធ្វើសកម្មភាព ហើយការធ្វើសកម្មភាពក្នុងផ្សារ ត្រូវកម្រិតយ៉ាងច្រើន ១០នាក់ ប៉ុណ្ណោះ និងត្រូវយកចិត្តទុកដាក់គោរព និងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងមិនត្រូវយកតាមខ្លួននូវឧបករណ៍បំពងសំឡេងឡើយ»។
ការផ្សព្វផ្សាយតាមឧបករណ៍បំពងសំឡេងអំពីគោលនយោបាយ ឬ/និងកម្មវិធីនយោបាយ ឬ/និងសារនយោ បាយរបស់គណបក្សនយោបាយអាចធ្វើបាននៅក្រៅបរិវេណផ្សារ។
ឯកឧត្តម ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានពន្យល់ថា ការបោះឆ្នោត នេះ ជាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្សាក្រុង-ស្រុកនៃខេត្តទាំង ៣ ហើយអ្វីដែល គ.ជ.ប ណែនាំពាក់ព័ន្ធការហែក្បួននេះ គឺអង្គបោះឆ្នោតជាតំណាងឱ្យប្រជាពលរដ្ឋ។ លោកបន្តថា ក្នុងនាមជាតំណាងឱ្យប្រជាពលរដ្ឋ ត្រូវសំដែងមតិក្នុងពេលបោះឆ្នោត ហើយពេលឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយធ្វើការឃោសនា
បោះឆ្នោតនៅតាមទីសាធារណៈនេះ ប្រជាបលរដ្ឋនៅក្នុងឃុំសង្កាត់នោះអាចប្រាប់ ទៅតំណាងរបស់ខ្លួន ឱ្យបោះឆ្នោតជូនគណបក្សណា ដែលមានគោលនយោបាយល្អ។
ឯកឧត្តម បានថ្លែងទៀតថា ៖ «ប្រជាពលរដ្ឋ ពេញចិត្តគណបក្សនយោបាយណា លោកអាចជម្រាបទៅតំណាងរបស់ លោក (ក្រុមប្រឹក្សាឃុំសង្កាត់) ដែលបានបោះឆ្នោតហើយហ្នឹងថាគណបក្សនេះ ល្អជាង ឬគណបក្សនោះល្អជាង។ នេះ ជាហេតុផលដែលគ.ជ.ប ធ្វើការណែនាំ និងមានកំរិតកំណត់សម្រាប់ផ្សព្វផ្សាយ នៅតាមទីផ្សារ និងទិសាធារណៈ»។ បើតាម ឯកឧត្តម ហង្ស ពុទ្ធា ចំពោះការហែក្បួនឃោសនាបោះឆ្នោត របស់គណបក្សនយោបាយមានរយៈពេល ៨ ថ្ងៃចាប់ពីថ្ងៃទី ៣១
ខែមីនា ដល់ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៣ ដែលក្នុងអំឡុងពេលនេះ គណបក្សនយោបាយមានសិទ្ធិហែក្នុងលក្ខណៈទ្រង់ទ្រាយធំបានចំនួនពីរដងប៉ុណ្ណោះ ដោយមានអ្នកចូលរួមប្រមាណជាជាង ២០ នាក់ មានការប្រើប្រាស់ឧឃោសនសព្ទ និងបណ្តាផ្សេង។
លោក ញៀន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រាប់ឱ្យដឹងដែរថា ក្នុងនាមគណបក្សដែលបានចូលរួមបោះឆ្នោតនេះ ខ្លួនបានទទួលនូវលិខិតណែនាំនេះ រួចហើយ ហើយនឹងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់គ.ជ.ប ដើម្បីធ្វើយ៉ាងណា ឱ្យបរិយាកាសនៃការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន និងត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសសណ្តាប់សង្គម។
សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតលើកទី១ ក្នុងការជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន ខេត្តកណ្តាល, ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ឆ្នាំ២០២៣ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៣ និងមានគណបក្សនយោបាយចំនួន ៣ បានដាក់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតនេះ ក្នុងនោះមាន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សភ្លើងទៀន និងគណបក្សប្រជាជនកម្ពុជា៕
ដោយ៖យុទ្ធ វីរៈ