សម្តេចតេជោ ហ៊ុន សែន៖ មេកងពល ង៧០ នឹងត្រូវធ្វើជាមេបញ្ជាការកងទ័ពជើងគោក ពេលនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មកធ្វើនយោបាយ
ភ្នំពេញ៖ ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លើយតបទៅកាន់ក្រុមអ្នកវិភាគក្រៅស្រុកមួយចំនួន ពាក់ព័ន្ធនឹងការលើកឡើងនានា បន្ទាប់ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ ជានាយឧត្ដមសេនីយ៍។ សម្ដេច ថា សម្ដេច មិនហៅក្រុមអ្នកវិភាគទាំងនោះថា «ល្ងង់ទូ» នោះទេ តែសម្ដេចហៅថា ជាបណ្ឌិតខ្វះការចេះដឹង។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា អស់លោកខ្វះការចេះដឹង នៅកន្លែងណា! ឋានានុក្រមរបស់កងទ័ព អគ្គបញ្ជាការរងទាំងអស់ ត្រូវឡើងផ្កាយ ៤ទាំងអស់ ហ៊ុន ម៉ាណែត ត្រូវឡើងផ្កាយ ៤ តាំងពីឆ្នាំ២០១៨ ក្រោយពេលដែល ឯកឧត្ដម ប៉ុល សារឿន មកជាទេសរដ្ឋមន្ត្រី ហើយ មាស សុភា មកជាទេសរដ្ឋមន្ត្រី យើងដូរអគ្គបញ្ជាការ ដោយ វង្ស ពិសេន ជើកគោក ដូរដោយ ម៉ាណែត។

សម្ដេចតេជោ បានបញ្ជាក់ថា កាលណោះ ហ៊ុន ម៉ាណែត មិនព្រមឡើងផ្កាយ៤ នោះឡើយ ខណៈពេលបច្ចុប្បន្ននេះ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ សុទ្ធតែពាក់ផ្កាយ ៤ទាំងអស់។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា ពេលនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ចេញពីមេបញ្ជាការកងទ័ពជើងគោក មកធ្វើនយបាយ អ្នកដែលត្រូវមកជំនួស មេបញ្ជាការរងកងទ័ពជើងគោកបច្ចុប្បន្ន គឺឯកឧត្តម ម៉ៅ សុផាន់ (មេកងពល ង៧០) មិនមែនជា ឯកឧត្តម ហ៊ុន ម៉ានិត នោះទេ។

បើតាមសម្ដេចតេជោនាយករដ្ឋមន្រ្តី មុខតំណែងមេទ័ពជើងគោកនេះ នឹងត្រូវប្រគល់ជូនឯកឧត្តម ម៉ៅ សុផាន់ បន្ទាប់ពីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជារង និងជាមេបញ្ជាការកងទ័ពជើងគោកបច្ចុប្បន្ន នឹងត្រូវចូលទៅប្រឡូកក្នុងការងារនយោបាយ។ ការងារនយោបាយដែលទំនងឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគតអាចនឹងត្រូវឈរឈ្មោះជាអ្នកតំណាងរាស្រ្តនៅមណ្ឌលណាមួយ ក្នុងការបោះឆ្នោតឆ្នាំ២០២៣នេះ។

សម្ដេចតេជោ បានបង្ហើបពីបេក្ខភាពមេបញ្ជាការកងទ័ពជើងគោកជំនួស ឯកឧត្តម ហ៊ុន ម៉ាណែត បន្ទាប់ពីមានអ្នកវិភាគខ្លះ អត្ថាធិប្បាយថាមុខតំណែងមេបញ្ជាការកងទ័ពជើងគោក នឹងត្រូវផ្ដល់ជូនឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែលជាប្អូនប្រុស បន្ទាប់ពីទើបតែត្រូវបានដំឡើងមុខតំណែងជាមេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពជើងគោក។ សម្ដេចបានមានប្រសាសន៍ថា រាល់ការរៀបចំមុខតំណែងកំពូលនៃកងទ័ពសុទ្ធតែមានការពិគ្រោះគ្នា យ៉ាងហោចណាស់រវាងសម្ដេចជាមួយរដ្ឋមន្រ្តីការពារជាតិ។
សម្តេច បញ្ជាក់ថា ទោះជាពេលនេះ សម្តេចនៅជានាយករដ្ឋមន្ត្រី និងថ្ងៃក្រោយឯកឧត្តម ហ៊ុន ម៉ាណែត ឡើងជានាយករដ្ឋមន្ត្រីបន្ត ក៏មិនលើកដៃចុះហត្ថលេខាលើកលែងទោសដល់ជនក្បត់ជាតិទាំងឡាយទាំងពួងនោះទេ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្ដល់វេទិកាឱ្យក្រុមប្រឆាំង ដែលចង់វាយប្រហារមកលើឯកឧត្ដម ហ៊ុន ម៉ាណែត ព្រោះសម្ដេច ខ្លាចណាស់កូនរបស់សម្ដេចទន់ជ្រាយ ដូច្នេះពួកអ្នកទាំងនោះ បានបំពេញបំណងរបស់សម្ដេចហើយ នៅត្រង់ថា ឯកឧត្ដម ហ៊ុន ម៉ាណែត ចេះការពារខ្លួនឯងយ៉ាងម៉េច ដឹងក្ដៅ ដឹងត្រជាក់យ៉ាងម៉េច ចាប់ពីឥឡូវទៅ មុនពេលខ្លួនធ្វើនាយករដ្ឋមន្រ្ដី។

សម្ដេច ក៏បានរម្លឹកទៅកាន់ក្រុមប្រឆាំងថា មានសត្រូវដ៏ខ្លាំង ប្រសើជាងមិត្តដែលខ្សោយ និងល្ងង់។ ដូច្នេះអ្នកឯងបានជួយសម្ដេច ដើម្បីពង្រឹងសមត្ថភាពរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ហើយថ្ងៃក្រោយឯកឧត្ដម ហ៊ុន ម៉ាណែត និងមិនទន់ជ្រាយលើកដៃចុះហត្ថលេខា លើកលែងទោសដល់ពួកអ្នកទាំងនោះ ៕

អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ