ផ្លូវក្នុងក្រុងបាត់ដំបង ដែលរងការខូចខាត ដោយសារការជីកកកាយសាងសង់ប្រព័ន្ធលូរំដោះទឹក ត្រូវបានស្ថាបនា ឡើងវិញ ជាបន្តបន្ទាប់
ត្តបាត់ដំបង ៖ ខណៈពេលចុះត្រួតពិនិត្យមើលពីស្ថានភាពផ្លូវនៅក្នុងក្រុងបាត់ដំបង ដែលកំពុងតែចាប់ផ្ដើមសាងសង់ឡើងវិញ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ត្រីជំនាញពាក់ព័ន្ធថា៖ នៅពេលដែលសាងសង់ផ្លូវ ត្រូវគិតគូររៀបចំចិញ្ចើម និងចំណីផ្លូវឱ្យបានត្រឹមត្រូវតាមការកំណត់ ហើយផ្លូវសំខាន់ៗក្នុងក្រុងបាត់ដំបងក៏ត្រូវរៀបចំឱ្យមានជាផ្លូវថ្មើរជើង ផ្លូវជិះកង់ ព្រមទាំងដាំដើមឈើ ដាំផ្កា នៅសងខាងផ្លូវផងដែរ ។
ឯកឧត្តមបន្ថែមថា៖ ផ្លូវ ចាប់ពីក្រោយរូបសំណាក លោកតាដំបងគ្រញូង រហូតដល់គល់ស្ពានថ្មចាស់មុខសាលាខេត្តប្រវែង ៨០០ម៉ែត្រ និងទទឹងផ្លូវ ២០ម៉ែត្រ ត្រូវកែលំអឱ្យកាន់តែមានភាពល្អប្រសើរជាងមុន និងធានាដល់ការធ្វើចរាចរទៅមករបស់យានជំនិះទូទៅ ត្រូវធានាឲ្យបាននូវសណ្តាប់ធ្នាប់និងប្រកបដោយសុវត្ថិភាព ហើយផ្លូវនេះត្រូវចាក់អ៊ុតកៅស៊ូ ប្រភេទប៊េទីម AC ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រស់ទីក្រុងបាត់ដំបង ឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីឆ្ពោះប្រែក្លាយ ទីក្រុងនេះឲ្យទៅជាទីក្រុងឆ្លាតវៃ(Smart City)នាពេលអនាគត ឆាប់ៗខាងមុខ ។
គួររំឭកថា៖ គម្រោង ស្តារ និងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទឹកភ្លៀង ក្នុងក្រុងបាត់ដំបងកន្លងមកនេះ ត្រូវបានពន្លឿន យ៉ាងមមាញឹក ទាំងត្រើយខាងកើតស្ទឹង និងត្រើយខាងលិចស្ទឹងសង្កែ ។ ហើយផ្នែកខ្លះ នៃគម្រោងនេះអាចត្រូវបញ្ចប់ក្នុងឆ្នាំ២០២៣ និងនៅឆ្នាំ២០២៤ខាងមុខ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

