យុវជនជាឆ្អឹងខ្នងដ៏រឹងមាំរបស់សង្គមជាតិ និងជាកម្លាំងបន្តវេន ដ៏មុតស្រួចក្នុងការដឹកនាំកម្ពុជា កាន់តែជឿនលឿន និងរុងរឿង

ខេត្តកំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកយុវជន គឺជាឆ្អឹងខ្នងដ៏រឹងមាំរបស់គណបក្ស និងសង្គមជាតិ និងជាកម្លាំងបន្តវេន ដ៏មុតស្រួចក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាពកាន់ តែ ជឿនលឿន និងរុងរឿង។ ឈរលើស្មារតីនេះ យុវជនទាំងអស់ដែលជាក្រុមជនបង្គោលយុវជន សូមខិតខំយកចិត្តទុកដាក់ពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនឱ្យកាន់តែរឹងមាំ ទាំងសមត្ថភាពផ្នែកនយោបាយ ចំណេះដឹង ជំនាញ ចរិយាសម្បត្តិប្រកបដោយគុណធម៌ មានសីលធម៌ល្អ និងសកម្មចូលរួមថែរក្សាសមិទ្ធផលនានាឱ្យបានគង់វង្ស និងបន្តពង្រីកបន្ថែមទៀតសមិទ្ធផលថ្មីៗសម្រាប់ជាប្រយោជ ន៍ដល់សង្គមជាតិ មាតុភូមិ និងប្រជាជនយើង។

នេះជាប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ក្នុងពិធីសំណេះ សំណាលជាមួយមន្រ្តីគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមកាលពីចុងសប្តាហ៏កន្លងទៅ នៅសាលប្រជុំសរស១០០ សម្តេចតេជោ ក្នុងបរិវេណមណ្ឌលអភិរក្សសួនគ្រញូងនគរបាជ័យ ខេត្តកំពង់ចាម ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលបានគាំទ្រសម្តេចតេជោ ហ៊ុន សែន ជារៀងរហូតមក ពិសេស បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យឈ្នះលើស ៧០% ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅ ហើយសង្ឃឹមជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខ ដើម្បីបានដឹកនាំ និងអភិវឌ្ឍន៏ប្រទេសជាតិឲ្យបានរីកចម្រើនសម្បូរសប្បាយបន្តទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្រុមជនបង្គោលយុវជន គឺជាសេនាធិការឱ្យក្រុមការងារគណបក្ស ចុះជួយក្រុង-ស្រុក នៅលើការងារយុវជន ដើម្បីគណបក្សយើងកសាងកម្លាំងថ្មី ឈាមថ្មី រីឯក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយក្រុង-ស្រុក គឺជាគណៈបញ្ជាការរួម ត្រូវចូលរួមសហការឧបត្ថម្ភគាំទ្រក្រុមការងារយុវជនក្រុង-ស្រុក។

ដើម្បីសម្រេចបាននូវជោគជ័យនេះ ក្រុមជនបង្គោលយុវជន និងក្រុមការងារគណបក្សចុះជួយក្រុង-ស្រុក ត្រូវសហការ សាមគ្គីគ្នា និងឯកភាពផ្ទៃក្នុង ដើម្បីប្រមូលធនធានបាញ់តម្រង់ទៅរកភាពជោគ ជ័យសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ៕ ប្រភព ៖ គណៈរដ្ឋមន្ត្រី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner