សត្វដំរីព្រៃញីប្រទះឃើញស្លាប់នៅចម្រាំងភ្នំខេត្តមណ្ឌលគិរី (Video Inside)
សត្វដំរីព្រៃញីមួយក្បាល ត្រូវគេប្រទះឃើញស្លាប់ និងក្រុមអ្នកជំនាញសង្ស័យថាស្លាប់ដោយសាររអិលជើងធ្លាក់ពីចម្រាំងភ្នំ នៃខេត្តមណ្ឌលគិរី។ ក្រសួងបរិស្ថានបានថ្លែងថាសាកសពដំរី ព្រៃញីនោះ ត្រូវគេប្រទះឃើញកាលពីថ្ងៃទី២៥មីនា នៅចម្រាំងភ្នំមួយកន្លែងត្រង់ចំណុចក្រុម ចុងរ៉ាង ភូមិពូហ្យាម ឃុំសែនមនោរម្យ នៃស្រុកអូររាំងឳ។
ដំរីញីនោះ មានកម្ពស់២,៣ម៉ែត្រ និងបណ្តោយ៤,២ម៉ែត្រ។ ទំហំជើងមុខ០,៧២ម៉ែត្រ និងទំហំជើងក្រោយ០,៥៨ម៉ែត្រ។ រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានថ្លែងថាក្រសួងមានការសោកស្តាយជាខ្លាំងចំពោះការស្លាប់របស់ដំរីព្រៃនេះដោយមានការសន្និដ្ឋានថា វាបានស្លាប់ដោយសារកត្តាធម្មជាតិ។
លោកបានថ្លែងថាយោងតាមការពិនិត្យលើស្លាកស្នាម សត្វដំរីនោះមិនបានជាប់អន្ទាក់ ឬត្រូវគេបាញ់ឡើយ។ លោកបានថ្លែងថាក្រុមជំនាញនឹងបន្តយកសំណាកទៅពិនិត្យ បន្តថែមទៀត ដើម្បីចង់ដឹងក្រែងលោការស្លាប់អាចមានមូលហេតុអ្វីផ្សេងទៀត។ យោងតាមលោក នេត្រ ភក្ត្រា នៅក្នុងប្រទេសកម្ពុជា មានសត្វដំរីព្រៃប្រមាណពី៤០០ ទៅ៦០០ក្បាល ដែលកំពុងរស់នៅក្នុងតំបន់អភិរក្សធនធានធម្មជាតិ និងតំបន់ដែនជម្រកសត្វព្រៃកែវសីមា។