រដ្ឋមន្ត្រី ថោង ខុន: យកវេទិកាទេសចរណ៍មេគង្គ ជាឱកាសបង្កើនការផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្ដីរំពឹងទុកថា កិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គ លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ ដែលកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះ នាចុងខែមេសា ឆ្នាំ២០២៣ខាងមុខនេះ នឹងក្លាយជាឱកាសជួយផ្សព្វផ្សាយបង្ហាញ និងទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត។

ការថ្លែងនេះធ្វើ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំការងារទេសចរណ៍លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣នេះ នៅទីស្ដីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា «កិច្ចប្រជុំខាងលើនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ដោយមានសមាសភាពចូលរួមកម្រិត Head NTOs និងមន្ត្រីបច្ចេកទេសសរុបចំនួន៨០រូប។ រីឯ«វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីប្រតិភូតំណាងប្រទេស GMS វិស័យឯកជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិសរុបចំនួន១៨០រូប និងអ្នកសារព័ត៌មានប្រមាណ៣០រូប។

ឯកឧត្តម បានបន្តថា ក្នុងនោះ ក៏មានការរៀបចំទីតាំងពិព័រណ៍ប្រកបដោយនិរន្តភាព (Sustainable Tourism Exhibition) ចំនួន២០ទីតាំង នៅសណ្ឋាគារឯករាជ្រ ដោយក្នុងនោះទីតាំងចំនួន៦ នឹងត្រូវរៀបចំរចនាដោយក្រសួងទេសចរណ៍សម្រាប់ប្រទេសជាសមាជិក GMS។ ក្រៅពីនេះក៏មានការរៀបចំការតំាងបង្ហាញពិព័រណ៍រូបភាពគោលដៅថ្មីៗរបស់ប្រទេសជាសមាជិក GMS ដោយបានរៀបចំតាមរូបភាពដែលប្រទេស GMS បានប្រគល់ជូន។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានចាត់ទុកកិច្ចប្រជុំនេះ គឺជាជាឱកាសមាសក្នុងការជួយផ្សព្វផ្សាយបង្ហាញដល់ប្រតិភូអន្តរជាតិ ក៏ដូចជាទីផ្សារទេសចរណ៍ក្រៅប្រទេស សំដៅរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំបន្ថែមឱ្យក្រុមការងារជំនាញផ្សព្វផ្សាយពីយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ និងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

គួរជម្រាបថា កិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គ លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ គឺមានពាក់ព័ន្ធនឹងប្រទេសចំនួន៥ជាសំខាន់ រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ហើយក៏មានវាគ្មិននិងអ្នកជំនាញទេសចរណ៍មកពីបណ្ដាប្រទេសផ្សេងទៀតដែរ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner