ជប៉ុនអំពាវនាវឱ្យចិន ចាត់វិធានការប្រកបដោយទំនួលខុសត្រូវ ជុំវិញការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា ថ្លែងថា លោកនឹងអំពាវនាវឲ្យចិនធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវលើវិបត្តិអ៊ុយក្រែន ខណៈដែលទីក្រុងប៉េកាំងបានចេញឯកសារកាលពីខែមុន ដែលជំរុញឱ្យរុស្ស៊ី និងអ៊ុយក្រែនស្វែងរកការសន្ទនា និងបទឈប់បាញ់។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់គាត់ថា វាមិនសមរម្យទេ ប្រសិនបើការដកកងកម្លាំងរុស្ស៊ីទាំងអស់ចេញពីអ៊ុយក្រែន មិនត្រូវបានចែង ហើយថា លោក ហ្សេលេនស្គី បានរកឃើញទាំងចំណុចដែលអាចយល់ស្រប និងមិនយល់ស្របនៅក្នុងឯកសារនោះ។

លោក គីស៊ីដា បន្តថា រុស្ស៊ីមិនបានបង្ហាញសញ្ញានៃសម្បទានទេ ខណៈដែលខ្លួនបន្តវាយប្រហារលើអ៊ុយក្រែន។ លោក គីស៊ីដា បន្ថែមថា វាអាស្រ័យលើប្រជាជនអ៊ុយក្រែនថាតើពួកគេនឹងចាប់ផ្តើមការចរចា ដែលនឹងកំណត់ពីអនាគតប្រទេសរបស់ពួកគេឬអត់។ បើតាមលោក គីស៊ីដា គាត់នឹងអំពាវនាវឱ្យទីក្រុងប៉េកាំងធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ ខណៈដែលជប៉ុននៅតែបន្តផ្លាស់ប្តូរយោបល់ជាមួយចិន ជុំវិញស្ថានភាពនៅអ៊ុយក្រែន។

សូមបញ្ជាក់ថា លោក គីស៊ីដា បានធ្វើការកត់សម្គាល់បែបនេះ នៅថ្ងៃទី២៧ ខែមីនានេះ នៅពេលដែលលោកបានរាយការណ៍អំពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់គាត់ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងអំឡុងសម័យប្រជុំពេញអង្គសភាជាន់ខ្ពស់៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner