ជប៉ុនគ្រោងពន្យារពេលដាក់ទណ្ឌកម្មផ្ទាល់ខ្លួន ប្រឆាំងនឹងកូរ៉េខាងជើង ពីរឆ្នាំទៀត

តូក្យូ៖ រដ្ឋាភិបាលជប៉ុនគ្រោងនឹងបន្តការដាក់ទណ្ឌកម្មផ្ទាល់ខ្លួនប្រឆាំងនឹងកូរ៉េខាងជើងរយៈពេលពីរឆ្នាំបន្ថែមទៀត ខណៈដែលទីក្រុងព្យុងយ៉ាងបាននឹងកំពុងបន្តកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។

ការដាក់ទណ្ឌកម្មផ្ទាល់ខ្លួនរបស់ប្រទេសជប៉ុន បានធ្វើឡើងតាំងពីឆ្នាំ ២០០៦។ វិធានការចំនួនពីរ មានដូចជាការហាមឃាត់កប៉ាល់ដែលបានចុះបញ្ជីដោយកូរ៉េខាងជើង ពីការចូលចតនៅកំពង់ផែ និងការហ៊ុមព័ទ្ធពាណិជ្ជកម្មជារួម ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។

យ៉ាងណាមិញ ក្រុមមន្ត្រីជប៉ុនមានផែនការពង្រីកវិធានការខាងលើនេះ ដោយនិយាយថា កូរ៉េខាងជើងបាននឹងកំពុងបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ដែលមិនធ្លាប់មានពីមុនមក។ ក្រុមមន្រ្តីជប៉ុនក៏បានលើកឡើងពីកង្វះការរីកចម្រើន ជុំវិញបញ្ហាពលរដ្ឋជប៉ុនដែលភ្នាក់ងារកូរ៉េខាងជើងចាប់ពង្រត់ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និង១៩៨០ផងដែរ។ បើតាមរដ្ឋាភិបាលជប៉ុន ភ្នាក់ងារកូរ៉េខាងជើងបានចាប់ពង្រត់ពលរដ្ឋជប៉ុនយ៉ាងហោចណាស់ ១៧នាក់។

ប្រធានខុទ្ទកាល័យនាយករដ្ឋមន្រ្តីជប៉ុន លោក Matsuno Hirokazu បានបញ្ជាក់ថា ជប៉ុននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសផ្សេងទៀត ដើម្បីស្វែងរកដំណោះស្រាយដ៏ទូលំទូលាយមួយ ចំពោះបញ្ហាដែលមិនទាន់សម្រេចជាច្រើន រួមមានទាំងការចាប់ពង្រត់ និងកម្មវិធីនុយក្លេអ៊ែរ ក៏ដូចជាមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ ទន្ទឹមគ្នា មន្ត្រីជប៉ុនចង់ឲ្យការពន្យារពេលដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តនៅដើមខែក្រោយ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner