ជនជាតិរ៉ូហ៊ីងយ៉ាជិត ២០០នាក់ ធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូណេស៊ី
ហ្សាការតា៖ ក្រុមមន្ត្រីឥណ្ឌូណេស៊ីបាននិយាយថា យ៉ាងហោចណាស់មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ១៨៤នាក់ រួមទាំងស្ត្រី និងកុមារជាច្រើននាក់ទៀត បានធ្វើដំណើរមកដល់ខេត្តភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៧ ខែមីនានេះ បន្ទាប់ពីពួកគេត្រូវបានគេទម្លាក់ចុះពីលើទូក ហើយព្យាយាមហែលទឹកមកកាន់ឆ្នេរសមុទ្រ។
អ្នកស្រុកនៅខេត្ត អាសេ (Aceh) ភាគខាងកើតនៃទីក្រុង ភើរូឡាក់ (Peureulak) បានជូនដំណឹងដល់ប៉ូលិសនៅព្រឹកថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីពួគេបានរកឃើញជនជាតិរ៉ូហ៊ីងយ៉ាជាច្រើននាក់ ដែលក្នុងនោះមានបុរស ៩៤នាក់ ស្ត្រី ៧០នាក់ និងកុមារ ២០នាក់។ ជាមួយគ្នានេះ ជនជាតិរ៉ូហ៊ីងយ៉ាម្នាក់បានរៀបរាប់ថា ពួកគេត្រូវបានគេទម្លាក់នៅឆ្នេរសមុទ្រ ហើយប្រាប់ឱ្យហែលទឹកទៅលើគោកដោយប្រធានក្រុមទូក។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាឈ្មោះ អាលី បានប្រាប់អ្នកយកព័ត៌មានថា បន្ទាប់ពីនោះ កប៉ាល់ដែលពួកយើងជិះបានចាកចេញភ្លាមៗ ហើយថា ក្រុមជនភៀសខ្លួនបាននឹងកំពុងព្យាយាមភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសម៉ាឡេស៊ី។ ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ ដែលភាគច្រើនជាអ្នករងការធ្វើទុក្ខបុកម្នេញក្នុងប្រទេសមីយ៉ាន់ម៉ា បានប្រថុយជីវិតរបស់ពួកគេជារៀងរាល់ឆ្នាំ ក្នុងការធ្វើដំណើរតាមសមុទ្រដ៏វែងឆ្ងាយ ដែលជារឿយៗជិះទូកមានគុណភាពអន់ ក្នុងការប៉ុនប៉ងទៅកាន់ប្រទេសម៉ាឡេស៊ី ឬឥណ្ឌូណេស៊ី។
បើតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) ជនជាតិរ៉ូហ៊ីងយ៉ាជាង ២,០០០នាក់ត្រូវបានគេជឿជាក់ថា បានព្យាយាមធ្វើដំណើរទាំងប្រថុយជីវិតនឹងគ្រោះថ្នាក់ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២២។ ទីភ្នាក់ងារនេះបានប៉ាន់ប្រមាណថា ជនជាតិរ៉ូហ៊ីងយ៉ាជិត ២០០នាក់បានស្លាប់ ឬបាត់ខ្លួន ដោយសារការប៉ុនប៉ងឆ្លងកាត់សមុទ្រដ៏គ្រោះថ្នាក់កាលពីឆ្នាំមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
