ប្រធាន គ.ជ.ប ស្នើភាគីជប៉ុនជួយជំរុញឱ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ស្វែងយល់ពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតឱ្យបានត្រឹមត្រូវ

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានសំណូមពរដល់ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជួយជំរុញឱ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ស្វែងយល់ពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតឱ្យបានត្រឹមត្រូវ ពីព្រោះថា គណបក្សនយោបាយខ្លះតែងតែប្តឹងដោយពុំមានភស្តុតាងត្រឹមត្រូវ រួចធ្វើការរិះគន់មកលើស្ថាប័ន គ.ជ.ប ពាក់ព័ន្ធនឹងការដោះស្រាយបណ្តឹង។ ការសំណូមពរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្លាស់ប្តូរយោបល់នានាជុំវិញស្ថានភាពទូទៅនៃដំណើរការបោះឆ្នោតនៅប្រទេសកម្ពុជា នៅទីស្តីការ គ.ជ.ប កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

បន្ទាប់ពីបានស្តាប់ការពន្យល់បកស្រាយរបស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប រួចមក ភាគីជប៉ុនបានវាយតម្លៃខ្ពស់ចំពោះ គ.ជ.ប កម្ពុជា ដែលបានរៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀតទាត់ ហើយសម្រេចបានលទ្ធផលល្អ។ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣នេះ ភាគីជប៉ុនសង្ឃឹមថា នឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ផងដែរ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានបន្តទៀតថា ឯកឧត្តមនឹងឆ្លៀតឱកាសជួបពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ជាពិសេសទៅទៀតកំពុងពិចារណាជួយដល់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងស្រុកផងដែរ។

ចាប់តាំងពីឆ្នាំ១៩៩៨មក គ.ជ.ប កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ចំនួន១៦លើករួចមកហើយ ដែលការបោះឆ្នោតនោះបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ សម្រាប់ពេលខាងមុខ គ.ជ.ប កំពុងរៀបចំការបោះឆ្នោតចំនួន២ គឺការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកចំនួន៥ ដែលទើបបំបែក និងបង្កើតថ្មី នៅក្នុងខេត្តចំនួន៣ មានខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ និងការបោះឆ្នោតមួយទៀត ជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ផ្អែកលើច្បាប់ជាមូលដ្ឋាន គ.ជ.ប ត្រូវរៀបចំធ្វើយ៉ាងណាឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានការទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។ គ.ជ.ប មានរចនាសម្ព័ន្ធបោះឆ្នោតនៅថ្នាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្នាក់រាជធានី ខេត្តរៀបចំការបោះឆ្នោត នៅថ្នាក់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងថ្នាក់គណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ គ.ជ.ប ត្រូវរៀបចំ និងអនុម័តបទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត ប្រតិទិននៃការបោះឆ្នោត ផែនការមេ និងលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត ដើម្បីអនុវត្តតាមការងារជាក់ស្តែង។

នៅថ្ងៃទី២៤ ខែមេសាខាងមុខនេះ គឺជាដំណាក់កាលនៃការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ។ គណបក្សនយោបាយដែលចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ អាចដាក់បញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះបោះឆ្នោត ស្របតាមបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។ គណបក្សនយោបាយមួយចំនួនបាននិងកំពុងរៀបចំបញ្ជីបេក្ខជនរបស់ខ្លួនជាបណ្តើរៗ ហើយ ដោយ គ.ជ.ប បានជួយសម្រួលផ្តល់ដល់គណបក្សនយោបាយនូវកម្មវិធីគ្រប់គ្រង ការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ត្រៀមការងារជាមុន ហើយអាចនឹងមានគណបក្សនយោបាយជាច្រើនចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។

គណបក្សនយោបាយមានសិទ្ធិធ្វើការឃោសនាតាមគ្រប់រូបភាព និងតាមធនធានរបស់ខ្លួន នៅតាមទីសាធារណៈ។ លើសពីនេះ គ.ជ.ប រៀបចំកម្មវិធីស្មើភាពសម្រាប់គណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយនូវកម្មវិធីនយោបាយរបស់គណបក្ស ផ្សាយតាមវិទ្យុ និងទូរទស្សន៍របស់រដ្ឋ។ សម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ ការិយាល័យបោះឆ្នោត សរុបទាំងអស់មាន ចំនួន ២៣.៧៨៩ ការិយាល័យ ដែលការបោះឆ្នោតចាប់ផ្តើមបើកដំណើរការពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង ១៥:០០រសៀល។ ដំណើរការរាប់សន្លឹកឆ្នោតត្រូវអនុវត្តនៅនឹងការិយាល័យបោះឆ្នោត នោះតែម្តង បន្ទាប់ពីបិទការបោះឆ្នោត។ ភ្នាក់ងារនៃគណបក្សនយោបាយ ដែលមានវត្តមាននៅក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត មានសិទ្ធិប្តឹងតវ៉ាក្នុងករណីសង្កេតឃើញមាន ភាពមិនប្រក្រតី។
ចំពោះការសង្កេតការណ៍បោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប តែងតែអញ្ជើញអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដើម្បីឱ្យចូលរួមសង្កេតមើលគ្រប់ការបោះឆ្នោត ហើយនៅពេលខាងមុខនេះ គ.ជ.ប ក៏នឹងអញ្ជើញអ្នកសង្កេតការណ៍ឱ្យចូលរួមសង្កេតមើលការបោះឆ្នោតនេះផងដែរ។ ជាពិសេសទៅទៀត គ.ជ.ប នឹងអញ្ជើញស្ថានទូត នៃប្រទេសនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យមើលការបោះឆ្នោត៕
ដោយ៖ពលជ័យ
រូបភាព៖គជប

ads banner