សម្តេចតេជោ ហ៊ុន សែន៖ សិទ្ធិ និងសេចក្ដីថ្លៃថ្លូរបស់ប្រជាជនកម្ពុជា ត្រូវបានធានា ហើយសេរីភាពសាសនា ត្រូវបានស្ដារឡើងវិញទាំងស្រុង បន្ទាប់ពីកម្ពុជាឥឡូវនេះ បានក្លាយជាកោះនៃសន្តិភាព
ភ្នំពេញ៖ ថ្លែងក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា នៅមជ្ឍមណ្ឌលជ្រោយចង្វារ OCIC រាជធានីភ្នំពេញ ដែលមានការ ចូលរួមពីឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងមានសាសនិកឥស្លាមប្រមាណ ៦ពាន់នាក់ចូលរួម នាល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សិទ្ធិ និងសេចក្ដីថ្លៃថ្លូរបស់ប្រជាជនកម្ពុជា ត្រូវបានធានា ហើយសេរីភាពសាសនា ត្រូវបានស្ដារឡើងវិញទាំងស្រុង បន្ទាប់ពីកម្ពុជាឥឡូវនេះ បានក្លាយជា កោះនៃសន្តិភាព ។

សម្តេចតេជោ បានថ្លែងថា កម្ពុជាពីមុន ដែលល្បីថា ជាវាលពិឃាត ជា តំបន់អសន្តិសុខជាចម្ការមីន ដែលមានការភ័យខ្លាចគ្រប់គ្នា ឥឡូវនេះ បានក្លាយជាកោះសន្តិភាព និងជាតំបន់ទេសចរណ៍ ប្រកបដោយប្រជា ប្រិយភាព។ សម្តេច បន្តថា កម្ពុជាពីមុន ដែលជាប្រទេសអន់ថយ ខាងផ្នែក សេដ្ឋកិច្ចគ្របដណ្តប់ ទៅដោយភាពក្រីក្រ និងមានអសន្តិសុខស្បៀង ឥឡូវនេះ បានក្លាយជាប្រទេសនាំស្បៀងចេញ និងសម្រេចបាន កំណើន សេដ្ឋកិច្ចខ្ពស់។

សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា កម្ពុជា ពីមុន ដែលជាប្រទេសទទួល រងការហ៊ុព័ទ្ធ និងឯកាទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះ កម្ពុជា បានក្លាយជាប្រទេសមួយ ដែលកំពុងសមាហរណកម្ម ខ្លួនយ៉ាងសកម្ម នៅក្នុងរចនាសម្ព័ន្ធ និង និម្មាបនកម្មសកល និងជាប្រទេស ដែលកំពុង ដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។ លើសពីនេះ សិទ្ធិ និងសេចក្ដីថ្លៃថ្លូរបស់ ប្រជាជនកម្ពុជា ត្រូវបានធានា ហើយសេរីភាពសាសនា ត្រូវបានស្ដារ ឡើងវិញទាំងស្រុង ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្តថា រាជរដ្ឋាភិបាល តែងតែលើកកម្ពស់សេរីភាពជំនឿ និងជំរុញសុខដុមនីយកម្មសាសនា ក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួល ដល់សាសនិក-សាសនិកាគ្រប់រូប ក្នុងការប្រណិប័តន៍ជំនឿគ្រប់សាសនា និងការប្រឆាំងដាច់ខាត ចំពោះការរើសអើងពូជសាសន៍ និងជំនឿសាសនា ៕


អត្ថបទ៖ វណ្ណលុក