លោក គីម ជុងអ៊ុន អំពាវនាវឱ្យបង្កើនការផលិតសម្ភារៈពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ

សេអ៊ូល៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យប្រទេសរបស់ខ្លួន បង្កើនការផលិតសម្ភារៈសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ ហើយនឹងពន្លឿនសន្ទុះផលិតអាវុធដ៏មានអានុភាពបន្ថែមទៀត។

ការគំរាមកំហែងចុងក្រោយរបស់លោក គីម ខាងលើ បានកើតឡើងមុនក្រុមនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក នឹងមកដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារទី២៨ ខែមីនា ឆ្នាំ២០២៣នេះ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា លោក គីម ត្រូវបានក្រុមមន្ត្រីមកពីវិទ្យាស្ថានអាវុធនុយក្លេអ៊ែរពន្យល់ដោយសង្ខេប ហើយបាននិយាយថា កូរ៉េខាងជើងគួរតែត្រៀមខ្លួនប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន “គ្រប់ពេលវេលា និងគ្រប់ទីកន្លែង”។

ជាការឆ្លើយតប លោក គីម បានអំពាវនាវទៅកាន់ក្រុមមន្រ្តីឱ្យបង្កើនការផលិតសម្ភារៈសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ ដើម្បីពង្រីកឃ្លាំងស្តុកអាវុធរបស់ប្រទេសខ្លួន។
បើតាមទីភ្នាក់ងារសារព័ត៌មានដដែល មេដឹកនាំកូរ៉េខាងជើងរូបនេះថែមទាំងបានជំរុញឱ្យក្រុមមន្រ្តីបន្តផលិតអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលបន្ថែមទៀតផងដែរ។

លោក គីម បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា នៅពេលដែលកូរ៉េខាងជើងបានរៀបចំប្រព័ន្ធអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងល្អឥតខ្ចោះនោះ សត្រូវនឹងខ្លាចយើង… ហើយមិនហ៊ានបង្កហេតុដល់អធិបតេយ្យភាពរដ្ឋ ប្រព័ន្ធដឹកនាំរដ្ឋាភិបាល និងប្រជាជនរបស់យើង៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner