នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កោតសរសើរសម្ដេចតេជោ ហ៊ុន សែន និង ប្រជាជន កម្ពុជា ដែលអាចរួមរស់ និងយោគយល់គ្នាយ៉ាងល្អគ្រប់ជាតិសាសន៍ទាំងអស់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងនូវការកោតសរសើរសម្ដេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា អាចរួមរស់ និងយោគយល់គ្នាយ៉ាង ល្អគ្រប់ ជាតិសាសន៍ទាំងអស់ ដែលនេះ គឺជាគំរូមួយយ៉ាងល្អ សម្រាប់មនុស្សជាតិ ទូទាំងពិភពលោក ។ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញ ចូល រួមក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា នៅមជ្ឍ មណ្ឌលជ្រោយចង្វារ OCIC រាជធានីភ្នំពេញ ជាមួយសម្តេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ដែលមានការចូលរួមពីសាសនិក ឥស្លាមប្រមាណប្រាំមួយ ពាន់នាក់ ។

ឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានកោតសរសើរដល់ការដឹកនាំ របស់សម្ដេចតេជោ ដែលដឹកនាំប្រទេសកម្ពុជា មានការអភិវឌ្ឍរីក ចម្រើនយ៉ាងខ្លាំង ហើយដឹកនាំប្រជាពលរដ្ឋកម្ពុជា ក្នុងពេលដែលពិភព លោកកំពុងមាននិន្នាការបែងចែកសាសនា ប៉ុន្ដែសម្ដេចតេជោ និងប្រជាជន កម្ពុជា មិនមានការប្រកាន់ពូជសាសន៍ និងសាសនា ណាមួយឡើយ ហើយអាចរួមរស់ និងយោគយល់គ្នាយ៉ាងល្អគ្រប់ជាតិសាសន៍ទាំងអស់ ដែលនេះគឺជាគំរូមួយយ៉ាងល្អសម្រាប់មនុស្សជាតិទូទាំងពិភពលោក។

ជាមួយគ្នានេះដែរ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានសម្ដែង ក្ដីសង្ឃឹមថា ប្រទេសដែលកំពុងអនុវត្តន៍នយោបាយរើស អើសជាតិសាសន៍ ពិសេសលោកខាងលិច ដែលអះអាងជាប្រទេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ឱ្យមើលពីគំរូនៃភាពដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំសន្ដិភាព និងសុខដុមសាសនា ក្នុងប្រទេសកម្ពុជា ។

ឯកឧត្ដមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បានប្រកាសនឹងពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរវាងប្រទេសទាំង២ កម្ពុជា និងម៉ាឡេស៊ី ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner