ឯកឧត្តម ស៊ូ ឈីមីង៖ ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានលើកកម្ពស់

ភ្នំពេញ៖ អតីតអគ្គលេខាធិការរងគណៈកម្មាធិការជាតិ នៃសភាពិគ្រោះយោបល់នយោបាយប្រជាជនចិន ឯកឧត្តម ស៊ូ ឈីមីង (Shu Qiming) បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានលើកកម្ពស់ និងមានកិច្ចសហប្រតិបត្តិការជាក់ស្តែងទាំងទ្វេភាគី និងពហុភាគី ហើយក៏ជាទំនាក់ទំនងគំរូ នៃប្រទេសដែលមានរបបនយោបាយផ្សេងគ្នា។ គណៈប្រតិភូចិនក៏បានសម្តែងនូវអំណរគុណជូនចំពោះសម្តេចតេជោ និងសូមវាយតម្លៃខ្ពស់ចំពោះជំហរកម្ពុជា ដែលបានគាំទ្រចិន ដោយឈរលើភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រនិងយុត្តិធម៌។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាន ទី២ នៃរដ្ឋសភា នៅវិមានរដ្ឋសភា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

គណៈប្រតិភូចិនក៏បានបញ្ជាក់ពីការគាំទ្រសម្តេចតេជោ ហ៊ុន សែន គាំទ្រគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជំនាន់ក្រោយក្នុងការបន្តដឹកនាំកម្ពុជាយូរអង្វែងទៅមុខទៀត និងសូមវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ដែលបាននាំប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ដោយបានពង្រឹងនិងពង្រីកតួនាទីកម្ពុជានៅក្នុងឆាកអន្តរជាតិ ព្រមទាំងទទួលបាននូវទំនុកចិត្តពីប្រជាជន ហើយភាគីចិន ជឿជាក់ថាគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំប្រទេសសម្រេចបាននូវវិបុលភាពប្រជាជន សន្តិភាព និងការអភិវឌ្ឍរុងរឿងតទៅមុខទៀត។

ឯកឧត្តម ស៊ូ ឈីមីង បានមានប្រសាសន៍ថា ទស្សនកិច្ចការងាររបស់គណៈប្រតិភូចិននាពេលនេះធ្វើឡើងក្នុងគោលបំណង ១)អនុវត្តជាក់ស្តែងនូវគំនិតសំខាន់ៗរវាងសម្តេចតេជោ និងឯកឧត្តម ស៊ី ជិនពីង ២)ផ្តល់បទឧទ្ទេសនាមស្តីពីលទ្ធផលនៃសន្និបាតគណបក្សកុម្មុយនីស្តចិនលើកទី២០ ៣)ចែករំលែកបទពិសោធន៍ និងគំនិតថ្មីៗនៃការដឹកនាំគ្រប់គ្រងបក្ស និងរដ្ឋ។

លោកជំទាវកិត្តិសង្គបណ្ឌិត ឃួន សុដារី បានធ្វើការវាយតម្លៃខ្ពស់ទៅលើដំណើរទស្សនកិច្ចការងារនាពេលនេះ ពិតជារួមចំណែកបន្ថែមទៀត ក្នុងការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនង មិត្តភាពប្រពៃណី “មិត្តដែកថែប” និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិទាំងពីរ ដែលមានជាយូរលង់ណាស់មកហើយតាំងពី ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលនេះជាការអនុវត្តនូវស្មារតីដ៏មុះមុតរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ី ជីនភីង ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់វិសយ័របស់រដ្ឋ និងបក្សនៃប្រទេសទាំងពីរ ឱ្យក្លាយជាការពិតជាក់ស្តែង។

លោកជំទាវបានសម្តែងនូវអំណរគុណដល់ភាគីចិន ដែលបានចូលរួមចំណែក និងគាំទ្រក្នុងបុព្វហេតុជាតិមាតុភូមិ ដោយបានប្រែក្លាយទឹកដីកម្ពុជាពីវាលពិឃាត សង្រ្គាមរាំរ៉ៃ ក្លាយមកជាទឹកដីសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍស្រស់បំព្រងដូចសព្វថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបានសម្តែងនូវការអបអរសាទរបក្សកុម្មុយនីស្តចិននូវជោគជ័យក្នុងមហាសន្និបាតកាលពីខែតុលា ឆ្នាំ២០២២ ដែលជាព្រឹត្តិការណ៍ពិភពលោក រួមទាំងកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់។ លោកជំទាវបានលើកឡើងថា កម្ពុជាប្រកាន់ខ្ជាប់នូវ «គោលការណ៍ចិនតែមួយ» និង«គោលការណ៍ប្រទេសមួយប្រព័ន្ធពីរ» ហើយចាត់ទុកបញ្ហានៅហុងកុង តៃវ៉ាន់ និងស៊ីនជាំងជាដើមគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

លោកជំទាវបានបង្ហាញនូវក្តីសង្ឃឹមថា ភាគីចិននឹងនៅតែបន្តគោរពយ៉ាងខ្ជាប់ខ្ជួននូវអធិបតេយ្យភាពរបស់កម្ពុជា ជាពិសេសចូលរួមគាំទ្រ និងការពារធម្មានុរូបនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាខែកក្កដានេះ។ លោកជំទាវបានធ្វើការគូសបញ្ជាក់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើម «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» ដែលបានបង្កើតឡើងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងនៃថ្នាក់ដឹកនាំបក្សទាំងពីរពីជំនាន់មួយទៅជំនាន់មួយ ក្នុងការធានាយន្តការនៃការធ្វើការជាមួយគ្នា។

លោកជំទាវក៏បានលើកជាសំណើទៅភាគីចិន តាមរយៈឯកឧត្តម ស៊ូ ឈីមីង និងឯកឧត្តម វ៉ាង វិនធាន ដើម្បីគាំទ្រនូវការផ្តួចផ្តើម ក្នុងការបង្កើត «សាលាមេដឹកនាំបណ្ឌិតសភាតេជោ» ដើម្បីជំរុញការចែករំលែក ការផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក ក៏ដូចជាការផ្សារភ្ជាប់នូវទំនាក់ទំនងក្នុងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ លោកជំទាវក៏បានបន្តជំរុញឱ្យមានការចែករំលែកនូវការអភិវឌ្ឍបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្ត ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើអរិយធម៌ វប្បធម៌ និងកិច្ចសហប្រតិបត្តិការនានា ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នារួចហើយឱ្យចេញជាសកម្មភាពជាក់ស្តែង៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner