ក្រសួងមហាផ្ទៃ ណែនាំអភិបាលរាជធានី-ខេត្តផ្តល់កិច្ចសហការក្នុងការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងមហាផ្ទៃបានចេញលិខិតណែនាំដល់អភិបាលរាជធានីខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ផ្ដល់នូវកិច្ចសហការដល់មន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅថ្នាក់ក្រោមដើម្បីគាំទ្រដល់ដំណើរការនៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣។ លិខិតណែនាំនេះចុះហត្ថលេខាដោយឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ និង យោង លិខិតលេខ១៩០ គ.ជ.ប ចុះថ្ងៃទី៩

ខែមីនាឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប)។ ក្នុងលិខិតនេះឯកឧត្តម សក់ សេដ្ឋា​ សរសេរជម្រាបជូនអភិបាលរាជធានី-ខេត្តថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានស្នើសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃ ឱ្យអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិគាំទ្រដល់ដំណើរការនៃការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣។ លោកបន្ត​​ថា ការចែកបណ្ណនេះធ្វើនៅតាមភូមិក្នុងឃុំ សង្កាត់ទូទាំងប្រទេស ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីផ្ដល់នូវព័ត៌មានអំពីលេខរៀង ឈ្មោះ ទិន្នន័យពាក់ព័ន្ធនឹងសាមីខ្លួនក្នុងបញ្ជីបោះឆ្នោត លេខកូដ

និងឈោ្មះទីតាំង ការិយាល័យបោះឆ្នោត កាលបរិច្ឆេទ និងពេលវេលានៃការបោះឆ្នោត និងឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែលនឹងត្រូវប្រើនៅពេលបោះឆ្នោត។

ឯកឧត្តមបន្ថែមថា «ដូច្នេះ ក្រសួងមហាផ្ទៃសូមណែនាំដល់អភិបាលរាជធានី ខេត្តដូចតទៅ ត្រូវសហការជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើការផ្សព្វផ្សាយអំពី ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតឱ្យបានទូលំទូលាយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ណែនាំដល់រដ្ឋបាលឃុំ សង្កាត់ និងភូមិ ដើម្បីផ្ដល់កិច្ចសហការជាមួយគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតដោយចូលរួមជាសមាជិកក្រុមចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមឃុំ សង្កាត់»។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ថ្លែងប្រាប់ថា គិតត្រឹមថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ នេះ រដ្ឋបាលខេត្តព្រះសីហនុ មិនទាន់ទទូលបានលិខិតណែនាំខាងលើនេះ នៅឡើយទេ ព្រោះតាមលិខិតទើបចុះហត្ថលេខា កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣។  ប៉ុន្តែលោកថា នៅពេលដែលទទួលបាន រដ្ឋបាលខេត្តនឹងបន្តជូនដំណឹង និងណែនាំទៅដល់រដ្ឋបាលស្រុកនិងឃុំឱ្យអនុវត្តតាមការណែនាំនេះ។

ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប. ថ្លែងថា ជាគោលការណ៍ គ.ជ.ប តែងតែស្នើសុំកិច្ចសហការជាមួយនឹងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទៅលើការងារបោះឆ្នោតនេះ។

លោកបញ្ជាក់ថា ចំពោះការចែកបណ្ណព័ត៌មាននេះ ពិតជាត្រូវការជាចាំបាច់ចំពោះកិច្ចហការពីអាជ្ញាធរថ្នាក់ក្រោមជាតិ  ដើម្បីឱ្យជួយមន្ត្រី គ.ជ.ប. នៅថ្នាក់ក្រោម ក្នុងការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ ។ ដូច្នេះ តាមការស្នើសុំរបស់ គ.ជ.ប. ក្រសួងមហាផ្ទៃក៏ចេញបានចេញសេចក្តីណែនាំនេះ ឱ្យមន្ត្រីថ្នាក់ថ្នាក់ក្រោមជាតិជួយការងារនេះ  ពីព្រោះមន្ត្រី គ.ជ.ប. ថ្នាក់ក្រោមមិនអាចបំពេញការងារនេះប្រកបដោយភាពរលូនល្អនោះទេ៕

 ដោយ៖យុទ្ធ វីរៈ

ads banner