ក្រសួងប្រៃសណីយ៍ និងទូតកូរ៉េបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ ពិសេសទៅលើវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ក្នុងឱកាសដែលឯកឧត្តមទើបកាន់តំណែងថ្មី។
ឯកឧត្តម PARK Jung-Wook មានសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញការងារនៅកម្ពុជាក្នុងការរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។
ក្នុងពិធីនេះឯកឧត្តមបានបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយៈស្ថានទូតកូរ៉េនៅកម្ពុជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសទៅលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម PARK Jung-Wook ដែលមានបទពិសោធ និងជំនាញក្នុងការចូលរួមចំណែកដល់មាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំ រវាងប្រទេសទាំងពីរ ជាពិសេសគម្រោងជំនួយអភិវឌ្ឍន៍ និងគម្រោងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល និងមជ្ឈមណ្ឌលផ្ដល់ព័ត៌មាន។
ក្នុងពិធីនេះដែរ ឯកឧត្ដមរដ្ឋមន្រ្តី បានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ថា សាធារណរដ្ឋកូរ៉េ នឹងបន្តជំរុញនិងលើកកម្ពស់ដល់ការអភិវឌ្ឍធនធានមនុស្ស ការធ្វើបរិវត្តកម្មឌីជីថល និងការស្វែងរកសក្តានុពលថ្មីៗសម្រាប់ការអនុវត្តគម្រោងមានផលជាវិជ្ជមានសម្រាប់ប្រទេសទាំងពីរផងដែរ ៕ ដោយ៖ម៉ាដេប៉ូ


