សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក យឹម ស៊ីណន ចូលជួបសម្ដែងការគួរសម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក យឹម ស៊ីណន ចូលជួបសម្ដែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក យឹម ស៊ីណន ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក យឹម ស៊ីណន អតីតសមាជិកក្រុមប្រឆាំងដ៏សកម្មម្នាក់ចូលជួបសម្ដែងការគួរសមក្រោយពីលោកស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ជំនួបនេះ បានធ្វើឡើងរយៈពេលជាង២ម៉ោងនៅគេហដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន នាក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News ជាអ្នកជួយសម្របសម្រួល និងនាំលោក យឹម ស៊ីណន និងក្រុមគ្រួសារទៅជួបសម្តេច។ នៅក្នុងជំនួបសម្តេចតេជោ ហ៊ុន សែន បានណែនាំ និងផ្តល់អនុសាសន៍ជាច្រើន សម្រាប់លោក យឹម ស៊ីណន ដែលជាអ្នកនយោបាយវ័យក្មេង។

សូមជម្រាបថា ជំនួបនេះ បានធ្វើឡើងបន្ទាប់ពីលោក យឹម ស៊ីណន កាលពីព្រឹកថ្ងៃទី២១ ខែមេសា បានបង្ហាញសរសេរនៅលើបណ្តាញសង្គម Facebook ជាមួយនឹងពាក្យពេជន៍ឈឺចាប់ជាទីបំផុតរកអ្វីប្រៀបផ្ទឹមពុំបាន ដោយសារទង្វើ និងសកម្មភាព មិនខ្វាយខ្វល់របស់ក្រុមប្រឆាំងទៅលើរូបលោក នៅពេលលោកជាប់ពន្ធនាគារ។ ក្រៅពីបង្ហាញការឈឺចាប់ឥតឧបមា លោក យឹម ស៊ីណន បានប្រកាសគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ចំពោះលោក យឹម ស៊ីណន អតីតមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានសម្រេចចិត្តក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ដោយសម្តេចសង្ឃឹមថា លោក យឹម ស៊ីណន នឹងក្លាយជាធនធានមនុស្សរបស់គណបក្សប្រជាជនកម្ពុជាដ៏មានតម្លៃ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់សារព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែមេសាននេះថា «សូមស្វាគមន៍ចំពោះលោក យឹម ស៊ីណន សម្រាប់ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមការស្នើសុំរបស់លោក ហើយសង្ឃឹមថាលោក ស៊ីណន នឹងក្លាយជាធនធានមនុស្សរបស់គណបក្សប្រជាជនកម្ពុជាដ៏មានតម្លៃ»។

ការប្រកាសស្វាគមន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោក យឹម សុណន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានសរសេររៀបរាប់អំពីការឈឺចាប់ជាទីបំផុត ចំពោះទង្វើរបស់ក្រុមប្រឆាំង និងគោរពស្នើសុំសម្តេចតេជោចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
សំណេរដ៏ឈឺចាប់របស់លោក យឹម ស៊ីណន បានរៀបរាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖
«ប្រសិននិយាយពីការចូលរួមក្នុងនយោបាយបក្សប្រឆាំងរបស់ខ្ញុំអស់រយៈពេលជាង១២ឆ្នាំមកនេះក្នុងនាមជាមេដឹកនាំម្នាក់ ក្នុងចលនាយុវជននៅកូរ៉េខាងត្បូង ខ្ញុំអាចជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់ ឬរាប់ម៉ឺននាក់ឯទៀត ដែលតែងតែកាន់រូបថត បដា និងស្រែកថ្កោលទោស ឬទាមទារឲ្យដោះលែងនូវជនរងគ្រោះមានដូចជា អ្នកសារព័ត៌មាន សហជីព សង្គមស៉ីវិលនានា និងជាពិសេសគឺក្រុមអ្នកនយោបាយនៃបក្សប្រឆាំង ក្នុងនោះគឺមេដឹកនាំ និងសមាជិកនៃបក្សភ្លើងទៀនបច្ចុប្បន្ននេះឯង។ ក៏ប៉ុន្តែនៅពេលដែលខ្ញុំបានក្លាយជាជនរងគ្រោះក្នុងស្ថានភាពប្រហាក់ប្រហែល ឬដូចគ្នានឹងពួកគេវិញ កុំថាឡើយពាក្យ ឬសារសួរសុខទុក្ខ សូម្បីថ្មីៗនេះក្នុងពិធីបាតុកម្មរបស់ពួកគេនៅក្រៅប្រទេស ឬនៅតាមបណ្តាប្រពន្ធ័ផ្សព្វផ្សាយ គ្មានឡើយរូបថត ឬសេចក្តីថ្លែងការណ៍ថ្កោលទោសមួយមាត់ចេញពីមាត់ពួកគេក៏ខ្ញុំស្តាប់មិនឮ និងរកមើលមិនឃើញដែរ។

ផ្ទុយទៅវិញពួកគេបែរជានាំគ្នាចោទប្រកាន់ត្រង់ៗដោយប្រមាថថា ការជាប់គុករងទុក្ខរបស់ខ្ញុំ និងមិត្តខ្ញុំ ហ៊ុន កុសល គឺជាល្ខោនសម្តែងថែមទៀតផង។ ការណ៍នេះ វាពិតជាបានធ្វើឲ្យចិត្តខ្ញុំឈឺចាប់ជាងអ្វីៗទាំងអស់ក្នុងជីវិត ហើយខ្ញុំអាចចាត់ទុកបានថា ពួកនេះមានចរិតនយោបាយឃោឃៅ និងអគុណធម៌បំផុត ដោយគ្មានគុណធម៌ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ធ្វើជាមេដឹកនាំគ្រប់គ្រងជាតិនោះទេ។ បើពួកនេះបានឡើងកាន់អំណាចវិញ អ្នកដែលពួកគេត្រូវសម្លាប់ ឬចាប់ដាក់គុកមុនគេនោះគឺ ក្រុមអ្នកប្រជាធិបតេយ្យនិយមពិត ដែលមិនចុះសម្រុងនឹងគំនិត ឬទស្សនៈមិនគាំទ្រពួកគេដូចជាខ្ញុំ ឬអ្នកដទៃទៀតនេះឯង។ ទង្វើ និងសារធាតុនយោបាយរបស់ពួកគេ បានកំពុងដុតបំផ្លាញសន្លឹកឆ្នោត១សន្លឹកក្នុងដៃខ្ញុំ និងច្រើនសន្លឹកនៃក្រុមគ្រួសារ និងអ្នកជិតខាងខ្ញុំ ហើយក៏ប្រហែលជាឆេះចោលច្រើនរាប់សិបពាន់ម៉ឺនសន្លឹកទៀតពីអ្នកប្រជាធិបតេយ្យនិយមពិតផងដែរ»៕
ដោយ៖ពលជ័យ
រូបភាព៖តេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា