ទីក្រុងឌូបៃ បើកដំណើរការសួនឧទ្យានសត្វក្រពើដំបូង
ឌូបៃ៖ ទីក្រុងឌូបៃរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានបើកដំណើរការសួនឧទ្យានក្រពើដំបូងគេបង្អស់របស់ខ្លួន ដែលទីនេះមានសត្វក្រពើរហូតដល់ ២៥០ក្បាលដែលជាប្រភេទសត្វក្រពើធំបំផុតមួយនៅលើពិភពលោក។

សួនឧទ្យានសត្វក្រពើនេះ បង្កើតឡើងក្នុងគោលបំណងផ្តល់នូវការអប់រំ និងចំណេះដឹងអំពីសត្វក្រពើ ហើយសួនឧទ្យានសត្វក្រពើនេះដែរ នឹងទទួលស្វាគមន៍យ៉ាងទូលំទូលាយដល់សិស្ស-និសិត្សទាំងឡាយ ដែលចង់សិក្សាលំអិតបន្ថែមទៀតអំពីសត្វក្រពើ។ លោក Marc Jansuana អ្នកឯកទេសផ្នែកសត្វក្រពើ បាននិយាយយ៉ាងដូច្នេះថា យើងមានសត្វក្រពើចំនួន២៥០ក្បាល ហើយពួកវាមានតែមួយប្រភេទប៉ុណ្ណោះ គឺសត្វក្រពើនីល។

អ្នកឯកទេសផ្នែកសត្វក្រពើរូបនេះបន្ថែមថា ពួកយើងបានផ្តោតជាអាទិភាពលើប្រភេទសត្វក្រពើដ៏អស្ចារ្យនេះ ពួកវាគឺជាប្រភេទសត្វក្រពើដែលធំជាងគេបំផុតនៅលើពិភពលោក និងធំជាងគេនៅទ្វីបអាហ្រ្វិក។ ពួកយើងមានសត្វក្រពើពេញវ័យចំនួន ១៥០ក្បាល មានទាំងញី និងឈ្មោលនៅក្នុងស្រះធំនេះ៕





ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា