វៀតណាមរងការវាយប្រហារតាមអ៊ីនធឺណិតច្រើនជាងគេបំផុតទី៣ នៅអាស៊ីអាគ្នេយ៍

ហាណូយ៖ ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតរុស្ស៊ី Kaspersky បានឱ្យដឹងថា វៀតណាមជាប្រទេសដែលរងការវាយប្រហារតាមអ៊ីនធឺណិតខ្ពស់ជាងគេបំផុតទី៣នៅក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំ ២០២២។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃចន្ទ។

លោក Ngo Vu Tuan Khanh ដែលជានាយកប្រតិបត្តិម្នាក់របស់ Kaspersky បានថ្លែងនៅទីក្រុងហូជីមិញ ក្នុងកម្មវិធីសន្តិសុខតាមអ៊ីនធឺណិតកាលពីសប្ដាហ៍មុនថា វៀតណាមបានឈានទៅមុខក្នុងវិស័យឌីជីថល ហើយពេលមានការតភ្ជាប់នៃវិស័យនេះកាន់តែធំ ការគំរាមកំហែងតាមអ៊ិនធឺរណិតក៏កាន់តែច្រើន។លោកបានបន្តថា ការគំរាមកំហែងសំខាន់ៗរួមមានទាំងការឆបោកតាមអ៊ីនធឺណិត និងការហ៊ែកយករូបិយប័ណ្ណគ្រីបតូ។

បើតាមទិន្នន័យរបស់ Kaspersky ការវាយប្រហារតាមអ៊ីនធឺណិតកាលពីឆ្នាំ ២០២២ មានជាង ៥០៥ លានករណីនៅទូទាំងពិភពលោក។ នៅអាស៊ីអាគ្នេយ៍ ករណីនេះមានប្រមាណចំនួន ៧០៧ ៥០៦ ករណី ដោយក្នុងនោះមាន ១៥ ៤៩៩ ករណីនៅវៀតណាម ដែលធ្វើឱ្យប្រទេសនេះឈរនៅលំដាប់ទី៣ក្នុងតំបន់បន្ទាប់ពីឥណ្ឌូនេស៊ី និងថៃ ក្នុងនាមជាប្រទេសរងការវាយប្រហារច្រើនជាងគេបំផុត។

យ៉ាងណាមិញ ចំនួនការវាយប្រហារដែលដាក់គោលដៅទៅលើប្រទេសវៀតណាមបានធ្លាក់ចុះ ចាប់ពីឆ្នាំ ២០២១ ប៉ុន្តែករណីនៃការបោកប្រាស់តាមអ៊ីនធឺណិតកើតមានកាន់តែច្រើនឡើង។ ការបោកប្រាស់នាពេលនេះ កើតមានច្រើនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយៗដូចជា ChatGPT, មេតាវើស៍ (metaverse) បញ្ញាសិប្បនិម្មិត (AI) និងប្លុកឆេនស៍ (blockchains) ជាដើម។

ចំពោះបញ្ហានេះ លោក Khanh បានលើកឡើងថា៖ «វាមិនចម្លែកទេដែលឧក្រិដ្ឋជនតាមអ៊ិនធឺរណិតមានដាក់គោលដៅលើម្ចាស់គ្រីបតូ ខណៈវៀតណាមឈរលើគេក្នុងបញ្ជីប្រទេស(ក្នុងតំបន់)ទទួលយកគ្រីបតូ»។

គួរបញ្ជាក់ថា វៀតណាមគឺជាប្រទេសដែលមានមនុស្សដាក់ចំណែកប្រាក់ដ៏ធំបំផុតរបស់ខ្លួនចូលទៅក្នុងរូបិយប័ណ្ណគ្រីបតូ។ នេះបើយោងតាមសន្ទស្សន៍ការទទួលយកគ្រីបតូសកលឆ្នាំ ២០២១ ដែលចេញផ្សាយដោយវេទិកាទិន្នន័យប្លុកឆេន Chainanalysis របស់សហរដ្ឋអាមេរិក នៅខែកញ្ញាកាលពីឆ្នាំមុន៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner