ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣ ក្រសួងការងារបានផ្សព្វផ្សាយវិធានការបង្ការគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣ ក្រោមប្រធានបទ «បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពការងារ គឺជាសិទ្ធិ និងគោលការណ៍ជាមូលដ្ឋាននៅកន្លែងធ្វើការ» និងភ្ជាប់ជាមួយការផ្សព្វផ្សាយណែនាំពីវិធានការបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។

ទិវានេះធ្វើឡើងនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដែលឆ្នាំនេះគឺជាលើកទី១៨ ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារនេះឡើង ក្រោមកិច្ចសហការជាមួយអង្គការ APHEDA និងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ។

ឯកឧត្តម ផេង សុខាំ បានថ្លែងបញ្ជាក់ថា ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ គឺជាយុទ្ធនាការអន្តរជាតិដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយរដ្ឋាភិបាល សមាគមនិយោជក និងសហជីព នៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិខាងការងារ (ILO) នៅលើសកលលោក ដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត និងរងគ្រោះដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការងារសមរម្យ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញឱ្យឃើញថា ក្នុង១ឆ្នាំនៅទូទាំងពិភពលោកមានអ្នកស្លាប់ប្រមាណ ២.៣លាននាក់ ដោយសារគ្រោះថ្នាក់ការងារ និងប្រមាណ ៦ពាន់នាក់ ដោយសារជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។

ដោយឡែក នៅប្រទេសកម្ពុជា ចំនួនអ្នករងគ្រោះដោយសារគ្រោះថ្នាក់ការងារក្នុងឆ្នាំ២០២២ កើនឡើង ២៩.២៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១ សរុបចំនួន ១៤.៧៤២នាក់ (ស្រីចំនួន ៧.៩២៣នាក់) ដែលក្នុងនោះរួមមានគ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ៧,៣៤២នាក់ (ស្រីចំនួន ៣,៥៩៧នាក់), គ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ៧,៤០០នាក់ (ស្រីចំនួន ៤,៣២៦នាក់)។ ការលើកយកប្រធានបទរបស់អង្គការអន្តរជាតិខាងការងារនាឆ្នាំនេះ សំដៅជំរុញដល់រដ្ឋជាសមាជិកយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់បរិយាការងារ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការបន្ថែមទៀត ជាពិសេសការអនុវត្តលើអនុសញ្ញាស្នូលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ ។

ឯកឧត្តម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ក៏បានរំឭកថា ចាប់តាំងពីដើមទសវត្សឆ្នាំ១៩៨០ ជនជាតិអូស្ត្រាលីជាង១០,០០០នាក់ ត្រូវបានគេប៉ាន់ស្មានថាបានស្លាប់ដោយសារជំងឺ Mesothelioma។ យោងតាមអ្នកជំនាញខាងជំងឺមហារីក ការស្លាប់បន្ថែម ២៥,០០០នាក់ ត្រូវបានគេរំពឹងទុកក្នុងរយៈពេល៤ទសវត្សរ៍ខាងមុខ។ នេះជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលីលើកកម្ពស់ការការពារសុខភាពការងារ និងសុវត្ថិភាពការងារដ៏រឹងមាំនៅជុំវិញពិភពលោក។

ឯកឧត្តមឯកអគ្គរដ្ឋទូតបង្ហាញការកត់សម្គាល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពការងារ និងសុវត្ថិភាពការងារ ដែលត្រូវបានរួមបញ្ចូលនៅក្នុងក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិនានា៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner