មន្រ្តីជាន់ខ្ពស់ចិន៖ ដំណើរទស្សនកិច្ចរបស់សម្ដេចក្រឡាហោម ស ខេង នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីឈានឡើងមួយកម្រិតទៀត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា តាមរយៈដំណើរទស្សនកិច្ចររបស់ឧបនាយករដ្ឋមន្រ្តី សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃទៅកាន់ប្រទេសចិននាពេលនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីឈានឡើងមួយកម្រិតទៀត ខណៈភាគីទាំងពីរបានឯកភាពគ្នាបណ្តុះបណ្តាលនិងផ្លាស់ប្តូរបទពិសោធរវាងមន្រ្តីនគរបាល។

ការលើកឡើងនេះ ស្របពេលដែលរដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនរយៈពេលបី ថ្ងៃចាប់ពីថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣។ ក្នុងដំណើរទស្សនកិច្ចនេះ នៅថ្ងៃទី ២៨ ខែមេសា ថ្នាក់ដឹកនាំកម្ពុជា បានអញ្ជើញស្សនកិច្ចសាកលវិទ្យាល័យសន្តិសុខសាធារណៈ នៅទីក្រុងប៉េកាំង និងបានទស្សនាសារមន្ទីរនៃសាកលវិទ្យាល័យ ដែលបានបង្ហាញពីការកសាង ការបង្កើតសាកលវិទ្យាល័យតាំងពីដំបូងរហូតដល់ពេលបច្ចុប្បន្ន។ នេះបើតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក ស ខេង។

ប្រភពខាងលើបន្តថា ក្នុងពេលទទួលបដិសណ្ឋារកិច្ចស្វាគមន៍សម្ដេចក្រឡាហោម ស ខេង ពីសំណាក់លោកស្រី ZENG HAIYAN លេខាធិការគណៈកម្មាធិការបក្សប្រចាំសាកលវិទ្យាល័យ បានគូសបញ្ជាក់ថា ប្រទេសចិន និងកម្ពុជា មានមិត្តភាពយូរលុងណាស់មកហើយ និងថាទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាទំនាក់ទំនងគំរូមួយលើឆាកអន្តរជាតិ។លោកស្រីថា៖« តាមរយៈដំណើរទស្សនកិច្ចរបស់លោក
ស ខេង នាឱកាសនេះ ទំនាក់ទំនងរវាងចិន និងកម្ពុជា នឹងឈានឡើងកម្រិតថ្មីមួយទៀត»។

លោកស្រីបន្ថែមថា ក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន មានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា ការបង្ក្រាបអំពើឧក្រិដ្ឋ ការបង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស ព្រមទាំងអំពើឆបោកតាមប្រព័ន្ធអេឡិចត្រូនិកជាដើម។

បន្ថែមពីនេះ លោកស្រីថា គណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជាតែងបានអញ្ជើញចូលរួមក្នុងវេទិកាអន្តរជាតិផ្ដួចផ្ដើមដោយសាកលវិទ្យាល័យចិន និងថាសាកលវិទ្យាល័យក៏បានបណ្ដុះបណ្ដាលមន្រ្តីនគរបាលកម្ពុជាចំនួន ១១វគ្គ ស្មើនឹងមន្រ្តីជាង ១០០នាក់ លើការងារពង្រឹការអនុវត្តច្បាប់ និងតែងតែជ្រើសរើសមន្រ្តីនគរបាលកម្ពុជាចំនួន១១នាក់ មកសិក្សានៅក្នុងសាកលវិទ្យាល័យជារៀងរាល់ឆ្នាំ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ច និងបានជម្រាបជូនថា បណ្ឌិត្យសភានគរបាលកម្ពុជា បង្កើតឡើងប្រមាណ២០ឆ្នាំ ជារយៈពេលខ្លីមួយបើធៀបនឹងសាកលវិទ្យាល័យសន្តិសុខសាធារណៈចិន។សម្ដេចបន្តថា៖« បណ្ឌិត្យសភានេះ ក៏មានទំនាក់ទំនងជាមួយសាលានគរបាលនៃប្រទេសមួយចំនួនផងដែរ ដើម្បីលើកកម្ពស់គុណភាពនិងសមត្ថភាពមន្រ្តីផងដែរ»។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានឯកភាពចំពោះការបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរបទពិសោធន៍តាមរយៈវេទិកាអន្តរជាតិនានា រវាងមន្រ្តីនគរបាលកម្ពុជា និងចិន រួមទាំងជាមួយមន្រ្តីនគរបាលប្រទេសផ្សេងទៀត។ ក្រៅពីនេះលោកឧបនាយកដ្ឋមន្រ្តី ស ខេង ក៏បានចែករំលែកព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពនៃអំពើជួញដូរមនុស្សនៅកម្ពុជា ដែលមានការធ្លាក់ចុះច្រើននារយៈពេលចុងក្រោយ។

សម្ដេចមានប្រសាសន៍ថា៖«បទល្មើសនេះ ជាង៩០ភាគរយ ប្រព្រឹត្តិឡើងដោយជនបទេសដែលយកទឹកដីកម្ពុជាដើម្បីប្រព្រឹត្តសកម្មភាពឆបោក ឬអូសទាញជនជាតិដូចគ្នា។ផ្អែកលើបទពិសោធនៃការបង្ក្រាបបទល្មើសនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសពាក់ព័ន្ធពិតជាមានសារៈសំខាន់»។

សូមជម្រាបថា ទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈនៃសាធាណរដ្ឋប្រជាមានិតចិន។
របៀបវារៈដ៏មានសារៈសំខាន់នៃសំណើរទស្សនកិច្ចការងារនេះ គឺសម្ដេចក្រឡាឧបនាយករដ្ឋមន្ត្រី ស ខេង និង ឯកឧត្តម វ៉ាង ស៊ាវហុង នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ឆ្នាំ ២០២២ រវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈ៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner