ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញពិនិត្យ ស្ថានីយ៍ច្រោះសំអាតទឹកកាកសំណល់ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញពិនិត្យស្ថានីយ៍ច្រោះសំអាតទឹកកាកសំណល់ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ។

សូមរំលឹកថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចុះពិនិត្យប្រព័ន្ធរំដោះទឹកកខ្វក់ដែលបានសាងសង់រួចនៅខេត្តព្រះសីហនុ ។ ក្នុងឱកាសនោះ សម្តេចតេជោ បានថ្លែងថា សម្រាប់ខេត្តព្រះសីហនុ គឺរាជរដ្ឋាភិបាល មានគោលបំណងកែប្រែឲ្យក្លាយជាខេត្តពហុបំណង ដែលចាំបាច់កសាងហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ផ្លូវ ប្រព័ន្ធរំដោះទឹកកខ្វក់ ជាដើម។

សម្តេច បញ្ជាក់ថា បើមិនធ្វើប្រព័ន្ធរំដោះទឹកកខ្វក់ទេ ក៏មិនអាចធ្វើឲ្យខេត្តនេះមានបរិស្ថានល្អដែរ។ សម្រាប់ជំហានដំបូង រាជរដ្ឋាភិបាល បានផ្តល់នូវថវិកាដោយផ្ទាល់ ដែលនិយាយថា ជាបាតដៃខ្មែរសុទ្ធសាធ ទាំងការធ្វើផ្លូវ និងប្រព័ន្ធរំដោះទឹកស្អុយនេះ។ ចំពោះប្រព័ន្ធរំដោះទឹកស្អុយនេះ រាជរដ្ឋាភិបាល បានសាងសង់៣កន្លែង ដោយស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងបរិមាណ ៥.២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈមួយកន្លែងទៀត ក្រោយពេលសាងសង់រួច អាចមានសមត្ថភាពជាង ២ម៉ឺនម៉ែត្រគូប ក្នុង១ថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា បញ្ហាបរិស្ថាន ក្លាយទៅជាបញ្ហាសំខាន់របស់ជាតិយើង ហើយក៏ជារបស់ពិភពលោកផងដែរ ដូច្នេះយើងត្រូវហ៊ានចំណាយទុន ដើម្បីរក្សានូវបរិស្ថានរួម សម្រាប់ទីក្រុងរបស់យើងនេះ។ សម្តេចថា អ្នកមកលេង និងងូតទឹកក្នុងខេត្តព្រះសីហនុ មិនរងនូវហានិភ័យទាក់ទងនឹងការកើតរមាស់ ឬធំក្លិនស្អុយក្នុងសមុទ្រនោះទេ។ ការដែលរាជរដ្ឋាភិបាល ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងប្រព័ន្ធចម្រោះទឹកកខ្វក់នេះ គឺសម្រាប់មនុស្ស ក្នុងបច្ចុប្បន្ន និងក្មេងជំនាន់ក្រោយផងដែរ។

សម្តេចតេជោ បានរំលឹកអំពើការលើកឡើងរបស់សម្តេចកាលពីឆ្នាំ១៩៨៨ ថា កុំធ្វើឲ្យកម្ពុជា ក្លាយជាធុងសំរាម បោះចោលនូវបច្ចេកវិទ្យាហួសសម័យ ព្រោះពេលនោះ មានការលក់សម្ភារៈថោកៗពីអឺរ៉ុប ឲ្យកម្ពុជា ដែលធ្វើឲ្យកម្ពុជាពិបាកក្នុងការប្រើប្រាស់។ ដូច្នេះហើយទើបសម្តេច ប្រកាសថា អ្វីក៏ដោយត្រូវតែទំនើប ទើបយកមកកាន់កម្ពុជា។ ជាក់ស្តែងប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុ ក៏ជាបច្ចេកវិទ្យាទំនើបចុងក្រោយមកពីប្រទេសអ៊ីស្ត្រាអែល។

សូមបញ្ជាក់ថា ក្រៅពីស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង៣ខាងលើ ខេត្តព្រះសីហនុ នៅមានស្ថានីយបូមទឹកកខ្វក់ចំនួន ៧ទីតាំងផ្សេងទៀត។ ក្នុងនោះមាន ៤ទីតាំង ស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង ៣ទីតាំងទៀត ស្ថាបនាដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ ទៅស្ថានីយច្រោះសម្អាតទឹកកាកសំណល់ ក្រុងព្រះសីហនុ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ ក្រុមការងារទូរទស្សន៍អប្សរា

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner