បណ្តារាជធានី-ខេត្ត ចាប់ផ្តើមដំឡើងផ្ទាំងស្លាយ ដើម្បីចាក់បញ្ចាំងការប្រកួតកីឡាស៊ីហ្គេម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋបាលនៅតាមបណ្តារាជធានី -ខេត្តមួយចំនួន បាននិងកំពុងរៀបចំការដាក់ស្លាយ(LED) ដើម្បីត្រៀមចាក់បញ្ចាំងផ្សាយផ្ទាល់សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

បណ្តារាជធានី-ខេត្ត ដែលបានរៀបចំដំឡើងផ្ទាំង LED ទាំងនោះរួមមាននៅ រាជធានីភ្នំពេញ ខេត្តកំពត សៀមរាប ខេត្តកំពង់ចាម និងនៅតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។

សូមជម្រាបថា គូរប្រកួតក្រុមបាល់ទាត់បុរស រវាងកម្ពុជា និងទីម័រខាងកើត នឹងចាប់ផ្តើមនៅវេលាម៉ោង ៧យប់ថ្ងៃទី ២៩ ខែមេសា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សម្រាប់នៅក្នុងរាជធានីភ្នំពេញ ផ្ទាំង LED នៅតាមទីតាំងចំនួន ០៧កន្លែង ត្រូវបានរៀបចំដំឡើងជាបណ្តើរៗហើយ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋទស្សនាដោយសេរី បើទោះបីជាមិនបានទៅចូលរួមមើលដោយផ្ទាល់ក្តី។

ជាមួយគ្នានេះ យោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ដើម្បីចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមឱ្យអធិកអធម រដ្ឋបាលខេត្តបានសហការជាមួយក្រុមហ៊ុន និងភោជនីយដ្ឋាននានា រៀបចំបន្ថែមនូវទីតាំងចាក់ផ្សាយបន្តនូវការប្រកួតកីឡា និងព្រឹត្តិការណ៍សំខាន់ៗនៅតំបន់ផាប់ស្ត្រីត បន្ថែមលើ ១២ទីតាំងផ្សេងទៀត ចាប់ពីថ្ងៃទី ២៩ខែមេសា រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣។

កាលពីថ្ងៃទី ២៥ ខែមេសសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវរៀបចំទីតាំង និងដាក់បញ្ចាំងការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេមលើអេក្រង់ធំៗដើម្បីឱ្យអ្នកគាំទ្រកីឡាដែលមិនមានសំបុត្រទស្សនាអាចចូលរួមទស្សនាបាន។ សម្ដេចតេជោថ្លែងថា៖« សូមឯកឧត្តមលោកជំទាវជាពិសេសអភិបាលខេត្ត អភិបាលរាជធានីភ្នំពេញ រៀបចំទីកន្លែងសមរម្យដើម្បីដាក់ស្លាយឱ្យបងប្អូនបានមើលផ្សាយបន្តផ្ទាល់ឱ្យបានឆាប់បំផុតដើម្បីឱ្យបងប្អូនមានលទ្ធភាពអង្គុយមើលតាមទីកន្លែងមានការជួបជុំឱ្យបានត្រឹមត្រូវហើយការពារសណ្ឋាប់ធ្នាប់ឱ្យបានល្អ»៕ ដោយ៖ សុខ រក្សា

ads banner