អគ្គលេខាធិការ គ.ជ.ប៖ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ កម្ពុជាបានធ្វើការកែលម្អ និងកែទម្រង់ការបោះឆ្នោតជាបន្តបន្ទាប់
ភ្នំពេញ៖ អគ្គលេខាធិការ គ.ជ.ប ឯកឧត្ដម ទេព នីថា បានបញ្ជាក់ថា ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយទៀត កម្ពុជាបានធ្វើការកែលម្អ និងកែទម្រង់ការបោះឆ្នោតជាបន្តបន្ទាប់ ពិសេសក្រោយការបោះឆ្នោតឆ្នាំ២០១៣ កម្ពុជាធ្វើការកែទម្រង់ស៊ីជម្រៅមួយកម្រិតថែមទៀតទាំងលើទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស និងស្ថាប័នរៀបចំ ការបោះឆ្នោត។ តាមរយៈការកែទម្រង់នេះ នៅឆ្នាំ២០១៤ រដ្ឋសភាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយដាក់បញ្ចូលស្ថាប័ន គ.ជ.ប ទៅក្នុងជំពូកទី១៥ ថ្មី(ពីរ) ហើយក្រោយមកច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានអនុម័ត និងប្រកាសឱ្យប្រើជាបន្តបន្ទាប់។
ការបញ្ជាក់នេះ បានធ្វើឡើងក្នុងបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) សមាជិក គធ.ខប ដែលជាប្រធានផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត សមាជិក គធ.ខប ដែលជាប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ តំណាងក្រសួង ស្ថាប័នជាតិ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅទីស្ដីការ គ.ជ.ប កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្ដម ទេព នីថា បានបន្ថែមទៀតថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតថ្មី និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីការបោះឆ្នោតនានា ចាប់តាំងពីឆ្នាំ២០១៦មក គ.ជ.ប បានរៀបចំចាត់ចែង និងគ្រប់គ្រងការងារចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត ទទួលបានលទ្ធផលជោគជ័យ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា។
ឯកឧត្ដមបានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍ពីការបោះឆ្នោតមុនៗ និងជោគជ័យនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលនៃអង្គសន្និបាតបូកសរុបការងារបោះឆ្នោតកន្លងទៅនេះ គ.ជ.ប បានពិនិត្យ និងកែលម្អការងារ បច្ចេកទេសបោះឆ្នោតមួយចំនួន សំដៅរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត តាមរយៈការអនុម័តបទបញ្ជ និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជាជំនួយដល់ដំណើរការបោះឆ្នោត។
ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប បានលើកឡើងថា ក្រៅពីការរៀបចំការងារបច្ចេកទេសបោះឆ្នោតបានល្អប្រសើរហើយនោះ ការងារបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរបស់មន្រ្តី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ដែលត្រូវអនុវត្តការងារបោះឆ្នោតនាពេលខាងមុខ គឺជាកត្តាចាំបាច់។ ហេតុនេះហើយ ទើប គ.ជ.ប តែងតែយកចិត្តទុកដាក់រៀបចំបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីបោះឆ្នោត និងភាគីពាក់ព័ន្ធទាំងអស់អំពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត នៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត។ ជាក់ស្ដែងវគ្គបណ្ដុះបណ្ដាលនាពេលនេះ គឺមានគោលបំណងបង្កើនសមត្ថភាព ផ្ដល់ចំណេះដឹង និងជំនាញបន្ថែមទៀតពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត ព្រមទាំងនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាលឃោសនាបោះឆ្នោត ដល់សិក្ខាកាមដែលជាមន្រ្តី គ.ជ.ប និងភាគីពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈអនុវត្ត និងផ្តល់កិច្ចសហការតាមមុខការរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធានាឱ្យដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនាពេលខាងមុខប្រព្រឹត្តទៅដោយរលូន មានភាពចាស់ទុំ ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលស្ដីពីការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ មានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប