រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អ និងទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ កម្ពុជា-គុយបា
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Maury Hechavarria Bermúdez អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសាធារណរដ្ឋគុយបា នៅទីស្តីការក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អ និងទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ កម្ពុជា-គុយបា ដែលកន្លងមកគុយបាបានចូលរួមជួយកម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍលើគ្រប់វិស័យ ។

ឯកឧត្តម ឌិត ទីណា បន្តថា កម្ពុជាក៏ធ្លាប់ជួយគុយបានៅពេលមានបញ្ហាខ្វះខាតអង្ករ ដើម្បីឱ្យមានចីរភាព និងទាន់ពេលវេលា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ដែលកម្ពុជា បានប្រែក្លាយពីប្រទេសខ្វះខាតអង្ករទៅជាប្រទេសអ្នកនាំអង្ករចេញ ហើយ ឯកឧត្តមរដ្ឋមន្ត្រី ក៏រំពឹងថា គុយបា នឹងប្រែក្លាយខ្លួនទៅជាប្រទេសនាំចេញអង្ករដូចគ្នា តាមរយៈការប្រើប្រាស់បច្ចេកទេសទំនើប ពូជសុទ្ធល្អ ផ្តល់ទិន្នផលខ្ពស់ ប្រើរយៈពេលខ្លី និងមានរសជាតិឆ្ងាញ់។

ឯកឧត្តមរដ្ឋមន្ត្រី បន្តទៀតថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយគាំទ្រប្រទេសគុយបា ទាំងផ្នែកបច្ចេកទេស និងការរវិនិយោគជាមួយវិស័យឯកជន។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើភាគីគុយបា ធ្វើការសម្របសម្រួលជួយដល់ផ្លូវច្បាប់នានា ដើម្បីឱ្យការវិនិយោគមានដំណើរការរលូន និងឆាប់រហ័ស។ លើសពីនេះទៀត ភាគីគុយបា អាចពិនិត្យលទ្ធភាពលើការធានា និងផ្តល់សេចក្តីទុកចិត្ត ការផ្តល់ដីសម្បទានសម្រាប់អ្នកវិនិយោគ និងសេរីភាពពាណិជ្ជកម្មនាំចេញនាំចូលក៏ដូចជាធាតុចូលដែលរួចពន្ធ ព្រមទាំងការចេញចូលរបស់អ្នកវិនិយោគផងដែរ៕



ប្រភព៖ក្រសួងកសិកម្ម