សម្ដេចតេជោ ហ៊ុន សែន ស្នើប្រធានរដ្ឋឡាវ សុំឱ្យភាគីទាំងពីរ រួមគ្នាពិនិត្យលើការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីជំរុញការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យបានកាន់តែច្រើនឡើងថែមទៀត

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឱ្យភាគីទាំងពីរ កម្ពុជា-ឡាវ រួមគ្នាពិនិត្យលើការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីធ្វើយ៉ាងណា ជំរុញការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យបានកាន់តែច្រើនឡើងថែមទៀត ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តម ថងលុន បានគោរពថ្លែងអំណរគុណជូនសម្ដេចតេជោ ដែលបានអញ្ជើញឯកឧត្តម មកចូលរួមក្នុងពិធីបើកកីឡាស៊ីហ្គេមនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ថងលុន បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ជាមួយការរៀបចំដ៏ល្អរបស់កម្ពុជា ។ ឯកឧត្តមមានជំនឿជឿជាក់ថា កម្ពុជា នឹងទទួលបានជោគជ័យ និងទទួលបានមេដៃមាសច្រើន។

ក្នុងឱកាសនេះដែរ ឯកឧត្តម ថងលុន បានគោរពថ្លែងអំណរគុណជូនកម្ពុជា ដែលបានជួយឡាវដ៏ធំធេង និងដ៏ថ្លៃថ្នូរកន្លងមក រួមទាំងវិស័យសុខាភិបាល និងវិស័យសេដ្ឋកិច្ច។

ឯកឧត្តម ថងលុន បានមានប្រសាសន៍បន្តថា ទំនាក់ទំនងរវាងកម្ពុជា និងឡាវ កំពុងតែស្ថិតដល់ចំណុចកំពូល ហើយអ្វីដែលត្រូវធ្វើបន្ត គឺរួមគ្នាសម្របសម្រួលគ្នា ធ្វើឲ្យទំនាក់ទំនងនេះ ឈានឆ្ពោះឡើងមួយកម្រិតទៀត តាមរយៈការរួមគ្នាអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងស្វែងរកិច្ចសហប្រតិបត្តិការផ្សេងបន្ថែមទៀត ដូចជា៖ លើវិស័យទេសចរណ៍ លើវិស័យវិនិយោគ វិស័យសន្តិសុខរួមគ្នាត្រៀមដោះស្រាយគ្រោះមហន្តរាយជាយថាហេតុ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ថងលុន ដែលបានទទួលការអញ្ជើញមកចូលរួមពិធីបើកកីឡាស៊ីហ្គេម នៅកម្ពុជា ។

សម្ដេចតេជោ ក៏បានឯកភាពជាមួយឯកឧត្តម ថងលុន លើទំនាក់ទំនងរវាងប្រទេសទាំងពីរ និងអ្វីដែលត្រូវធ្វើបន្ត។

សូមជម្រាបថា ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner