លោក ហ្សេលេនស្គី ធ្វើដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលទៅកាន់ប្រទេសហូឡង់
ឡាអេ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានមកដល់អាកាសយានដ្ឋានអន្តរជាតិអាំស្ទែដាំហើយ កាលពីល្ងាចថ្ងៃពុធ(ម៉ោងក្នុងតំបន់) សម្រាប់ដំណើរទស្សនកិច្ចឥតព្រាងទុកមួយទៅកាន់ប្រទេសហូឡង់ និងទៅទស្សនកិច្ចតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្រោយបញ្ចប់ការបំពេញទស្សនកិច្ចនៅប្រទេសហ្វាំងឡង់។
ទីភ្នាក់ងារសារព័ត៌មាន ANP របស់ហូឡង់ បានចេញផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងធ្វើទស្សនកិច្ចនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ។ កាលពីខែមីនា តុលាការនេះបានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

ប្រធានាធិបតីអ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងថ្លែងសុន្ទរកថានៅទីក្រុងឡាអេ ដែលមានចំណងជើងថា “គ្មានសន្តិភាពដែលគ្មានយុត្តិធម៌សម្រាប់អ៊ុយក្រែន”។ដោយឡែកកិច្ចប្រជុំជាមួយសមាជិកសភាហូឡង់ និងការពិភាក្សាជាមួយនាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte ក៏ត្រូវបានគ្រោងទុកក្នុងរបៀបវារៈផងដែរ។

សូមបញ្ជាក់ថា ប្រទេសហូឡង់បានសន្យាគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងយោធាដល់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ចំណែកប្រទេសសហភាពអឺរ៉ុបបានប្រកាសកាលពីខែមុនថា ពួកគេនឹងទិញរថក្រោះខ្លារខិន Leopard 2 ចំនួន១៤គ្រឿងជាមួយប្រទេសដាណឺម៉ាក ដើម្បីប្រគល់ឱ្យអ៊ុយក្រែន ដែលកំពុងទាមទារអាវុធធុនធ្ងន់បន្ថែមទៀត៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា