ពិធីដង្ហែបុណ្យវិសាខបូជា ប្រទក្សិណជុំវិញក្រុងសៀមរាប ដើម្បីរំលឹកដល់ថ្ងៃដែលព្រះអង្គ ទ្រង់ប្រសូត្រ ទ្រង់ត្រាស់ដឹង និងទ្រង់បរិនិព្វាន

សៀមរាប៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ ព្រះសង្ឃក្នុងក្រុងសៀមរាប ដែលដឹកនាំដោយព្រះវិជ័យរង្សី ព្រះរាជាគណកិត្តិយស និងជាព្រះគ្រូ ប្រាសារង្សី អនុគណក្រុងសៀមរាប បានរៀបចំពិធីដង្ហែបុណ្យវិសាខបូជា ប្រទក្សិណជុំវិញក្រុងសៀមរាប ដើម្បីរំលឹកដល់ថ្ងៃដែលព្រះអង្គ ទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង និងទ្រង់បរិនិព្វានជាដើម ដែលមានន័យថាការបូជានៅក្នុងថ្ងៃពេញបូណ៌ខែពិសាខ។

ការប្រារព្ធធ្វើបុណ្យវិសាខបូជានេះ មិនមែនធ្វើតែក្នុងប្រទេសកម្ពុជាយើងនោះឡើយ ប្រទេសជាច្រើននៅលើពិភពលោកក៏ប្រារព្ធធ្វើបុណ្យវិសាខបូជានេះដូចគ្នាផងដែរ ឲ្យតែប្រទេសដែលគោរព និងកាន់ព្រះពុទ្ទសាសនា គេបានចាត់ទុកបុណ្យវិសាខបូជានេះជាបុណ្យដ៏សំខាន់បំផុតក្នុងព្រះពុទ្ទសាសនា។ ការប្រារព្ធនូវបុណ្យវិសាខបូជាមានគោលសំខាន់ដោយពិស្តារ ៧យ៉ាងគឺ ៖ ១.ថ្ងៃព្រះសុមេធបណ្ឌិតបានទទួលព្យាករណ៍ ២.ថ្ងៃដែលទ្រង់ប្រសូត ៣.ថ្ងៃកំណើតរបស់ពោធិ៍ព្រឹក្ស ៤.ថ្ងៃព្រះពុទ្ធត្រាស់ដឹង ៥.ថ្ងៃព្រះអង្គទ្រង់បរិនិព្វាន ៦.ថ្ងៃប្រល័យព្រះធាតុ ៧.ថ្ងៃព្រះអង្គទ្រង់ផ្ចាញ់មារហើយបានត្រាស់។ ហេតុដ៏អស្ចារ្យទាំងប្រាំពីរខាងលើនេះ បានកើតឡើងនៅក្នុងថ្ងៃពេញបូរមីណ៌ខែពិសាខដូចគ្នាទាំងអស់។ ហើយបើពោលមកដោយសង្ខេបខ្លីគឺមានហេតុ ៣យ៉ាងសំខាន់ៗក្នុងការប្រារព្ធពិធីបុណ្យវិសាខបូជានេះឡើងគឺ៖១.ថ្ងៃព្រះអង្គប្រសូត្រ ២.ថ្ងៃព្រះអង្គត្រាស់ដឹង ៣.និងថ្ងៃដែលព្រះអង្គយាងចូលបរិពាន្វ។

សាធុសប្បុរសទាំងឡាយ! សូមអ្នកទាំងឡាយបង្អោនចិត្តគិតរឮកដល់ព្រះគុណរបស់ព្រះសម្មាសម្ពុទ្ធនៃយើងក្នុងថ្ងៃដែលព្រះអង្គទ្រង់ប្រសូតឡើង ។ ព្រះសម្មាសម្ពុទ្ធនៃយើងទ្រង់បានប្រសូតនៅថ្ងៃសុក្រ ទី១៥កើត ខែពិសាខ ឆ្នាំច មុនពុទ្ធសករាជ៨០ឆ្នាំ នៅឯឧទ្យានលុម្ពិនីដែលស្ថិតនៅចន្លោះព្រំប្រទល់នគរកបិលភស្ត និងនគរទេវទហៈ។ នៅក្នុងឧទ្យាននេះទៀតសោតមានផ្ការីកស្គុះស្គាយយ៉ាងល្អ និងមានហ្វូងបក្សី៥ពណ៌ល្អល្អះនៅទីនោះផងដែរ។ ការប្រសូតរបស់ព្រះអង្គអស្ចារ្យខ្លាំងណាស់ អស្ចារ្យរហូតដល់រកបុគ្គលណាមួយក្នុងលោកមកប្រៀបប្រដូចពុំមានឡើយ។ ពេលដែលទ្រង់ប្រសូតមកភ្លាម ទ្រង់ អាចយាងឈានជើងដើរបាន៧ជំហានដោយមានផ្កាឈូកផុសឡើងទ្រព្រះបាទរបស់ទ្រង់ ហើយទ្រង់ក៏បានយាងឆ្ពោះទៅកាន់ ឧត្តរទិស(ទិសខាងជើង) ហើយស្រែកនូវអាភិសវាចារគឺវាចារដ៏ឧត្តមយ៉ាងនេះថា៖ «អាត្មាអញ ជាបុគ្គលខ្ពង់ខ្ពស់លើលោក អាត្មាអញជាបុគ្គលធំបំផុតលើលោក អាត្មាអញជាបុគ្គលប្រសើរបំផតលើលោក នេះជាកំណើតចុងក្រោយបំផុតរបស់អាត្មាអញ ឥឡូវនេះភពថ្មីពីនេះទៀតមិនមានឡើយ។» មិនមែនមានហេតុត្រឹមប៉ុណ្ណឹងឡើយ តែដោយសង្ខេបខ្លី យើងសូមលើកមកតែត្រឹមនេះចុះ ហើយដោយហេតុដ៏អស្ចារ្យនេះ សូមឲ្យសាធុជនទាំងឡាយកើតចិត្តជ្រះថ្លាហើយនឹករឭកដល់គុណនៃព្រះសម្មាសម្ពុទ្ធគ្រប់ៗគ្នាចុះ។ ក្រោយពីព្រះពុទ្ធជាម្ចាស់បានសាងព្រះភ្នួសហើយធ្វើទុក្ករកិរិយាអស់៦ព្រះវស្សាមក ព្រះសមណគោតម បានត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាណ ក្នុងព្រះជន្មាយុ៣៥ព្រះវស្សាគឺ ត្រូវនឹងថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា មុនពុទ្ទសករាជ៤៥ឆ្នាំ ក្រោមដើមពោធិព្រឹក្ស១ដើមខាងលិច ស្ទឹងនេរព្ជារា នាមណ្ឌលគយា សព្វថ្ងៃហៅ ពុទ្ធគយា។

លុះកាលដែលព្រះអង្គបានត្រាស់ដឹងហើយ ទ្រង់បានឧទាននូវគាថាយ៉ាងដូច្នោះថា៖ «អាត្មាអញ កាលមិនទាន់បានជួបប្រទះពោធិញ្ញាណនៅឡើយ រវល់តែស្វែងរកនូវ ជាងផ្ទះគឺតណ្ហា ធ្នកធ្វើផ្ទះគឺអត្តភាពហើយអន្ទោលទៅកាន់សង្សារ មានជាតិមិនតែមួយ ជាតិគឺការកើតរើយៗរមែងនាំមកសេចក្តីទុក្ខនៃជាងផ្ទះគឺតណ្ហា ឥឡូវនេះយើងបានឃើញអ្នកច្បាស់ហើយ អ្នកឯងនឹងធ្វើនូវផ្ទះគឺអត្តភាពនេះឲ្យយើងទៀតពុំបានឡើយឆ្អឹងជំនីរ គឺកិលេស ទាំងអស់របស់អ្នកេង យើងបានបំបាត់ចោលហើយ ទាំងកំពូលនៃផ្ទះគឺអវិជ្ជារបស់អ្នកឯងទៀតសោត យើងក៏បានបំបាត់ចោលហើយដែរ ចិត្តរបស់យើងបានដល់នូវព្រះនិព្វានដែលមានសង្ខារទៅប្រាសចាកហើយ យើងបានដល់នូវព្រះអរហត្តគឺការអស់ទៅនៃតណ្ហាទាំងឡាយហើយ។ »

ពុទ្ធសាសនិកទាំងឡាយ! ក្រោយអំពីសេចក្តីបរិយាយដោយខ្លីសង្ខេបត្រង់កាលដែលព្រះពុទ្ទជាម្ចាស់ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ សូមឲ្យលោកអ្នកសប្បុរសទាំងឡាយកើតនូវសេចក្តីជ្រះថ្លា ត្រេកអរ និងសូមនឹករឮកជារឿយៗដល់ព្រះគុណរបស់ព្រះពុទ្ទជាម្ចាស់កុំបីភ្លេចឡើយ៕

ដោយ ស៊ាន សុផាត

ads banner