អ្នកជំនាញរៀបចំការប្រកួតកីឡាកង់ភ្នំ និងកង់គួក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបង្ហាញការជួបផលលំបាកខ្លះៗ

ភ្នំពេញ ៖ អ្នកជំនាញរៀបចំការប្រកួតកីឡាកង់ភ្នំ និងកង់គួក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣បានបង្ហាញការជួបផលលំបាកខ្លះៗ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបានបញ្ជាក់នៅក្នុងបទសម្ភាសន៍ដោយឡែកមួយ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ថា ការប្រកួតកីឡាទោចក្រយាន នៃស៊ីហ្គេម ២០២៣ ដែលបានដំណើរការពីថ្ងៃទី០៦ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តសៀមរាប គឺយើងបានជួបការលំបាកខ្លះៗដែរ ដោយសារនេះជាការរៀបចំស៊ីហ្គេម លើកដំបូង។

ដូច្នេះយើងត្រូវការកែសម្រួលបន្ថែមលើផ្លូវប្រណាំង បច្ចេកទេសផ្សេៗទៀត ដើម្បីឲ្យត្រូវទៅតាមស្តង់ដាអន្តរជាតិ ។ បញ្ហាលំបាកមួយចំនួនទៀត គឺការរៀបចំប្រកួតកីឡាទោចក្រយាន នៅឆ្ងាយពីរាជធានីភ្នំពេញ ដោយយើងត្រូវការដឹកជញ្ជូនសម្ភារ ឧបករណ៍បច្ចេកទេស ក្រោមកិច្ចសហការរវាងមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាទោចក្រយាន គណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធកីឡាអន្តរជាតិ ដើម្បីឲ្យមានភាពរលូន និងតាមតម្រូវការបច្ចេកទេស ។

ដោយឡែកសម្រាប់ការប្រកួតប្រជែងវិញ លោកអគ្គលេខាធិការរូបនេះបានសង្កត់ធ្ងន់ថា ចំពោះកីឡាករ កីឡាការិនីមិនស្ថិតនៅឆ្ងាយលើផ្នែកគុណភាពបច្ចេកទេសពេកទេ បើប្រៀបធៀបនឹងគុណភាពរបស់អត្តពលិកក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលចូលរួមស៊ីហ្គេម ដោយអត្តពលិកកង់កម្ពុជាអាចចូលរួមប្រកួតប្រជែងជាមួយគេបាន។ យើងបានផ្តោតសំខាន់លើការហ្វឹកហាត់ផ្នែកកង់ភ្នំខ្លាំង ប៉ុន្តែបើប្រៀបធៀបនឹងផ្នែកកង់គួក គឺយើងនៅចាញ់បច្ចេកទេសក្នុងអាស៊ាន ដែលគន្លាតឆ្ងាយនេះ គឺតម្រូវឲ្យយើងកែសម្រួលឡើងវិញ លើការហ្វឹកហាត់របស់កីឡាករ កីឡាការិនីកម្ពុជា ដែលត្រូវការការអភិវឌ្ឍបន្ថែមទៀត ដើម្បីធ្វើដំណើរជាមួយអត្តពលិកអាស៊ាន។

ជាលទ្ធផល គឺកីឡាករ កង់ភ្នំកម្ពុជាទទួលបានមេដាយ២គ្រឿង គឺមេដាយប្រាក់១គ្រឿង និងសំរឹទ្ធ១គ្រៀង ដណ្តើមបានដោយកីឡាករ ឃីម ម៉េងឡុង។ ផ្នែកកង់ភ្នំនេះ គឺរៀបចំនៅក្នុងតំបន់ដែលមានស្ថានភាពលំបាក ខណៈអត្តពលិកមកពីប្រទេសឥណ្ឌូណេស៊ីដណ្តើមបានមេដាយមាសទាំងអស់ ក្នុងចំណោមវិញ្ញាសាសរុបចំនួន៥។ ដោយឡែកផ្នែកកង់គួក ដែលមាន៤វិញ្ញាសាផ្សេងទៀត គឺថៃទទួលបានមេដាយមាស២, វៀតណាម មេដាយមាស១ និងម៉ាឡេស៊ី មេដាយមាស១។

សហព័ន្ធខ្មែរកីឡាទោចក្រយាន សហការជាមួយរដ្ឋបាលខេត្ត និងក្រោមការឧបត្ថម្ភគាំទ្រពីសម្ព័ន្ធកីឡាប្រណាំងកង់ក៏តែងតែបានខិតខំប្រឹងប្រែងរៀបចំការផ្សព្វផ្សាយអបអរសាទរជាច្រើនលើកនៅតាមបណ្តាខេត្តមួយចំនួននូវយុទ្ធនាការ ការជិះកង់សម្រាប់ទាំងអស់គ្នា (Cycling For All) ក្រោមប្រធានបទ «ប្រជាជនម្នាក់ ជិះកង់១គ្រឿង (One Citizen One Bike)» ឆ្ពោះមកស៊ីហ្គេម ២០២៣ នៅកម្ពុជាផងដែរ ដោយបានបញ្ជ្រាបការផ្សព្វផ្សាយ និងចូលរួមពីប្រជាពលរដ្ឋយ៉ាងទូលំទូលាយផងដែរ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner