អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅនឹងការប្រតិកម្មរបស់មជ្ឈដ្ឋានមួយចំនួនរឿងមិនចុះបញ្ជីគណបក្សភ្លើងទៀន

ភ្នំពេញ៖ ឆ្លើយតបទៅនិងប្រតិកម្មពីមជ្ឈដ្ឋានជាតិ និងបរទេសមួយចំនួនទាក់ទងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងបរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប ជាស្ថាប័នដែលត្រូវតែអនុវត្តទៅតាមច្បាប់ ហើយដោយស្មើភាពជាមួយនឹងគណបក្សនយោបាយទាំងអស់។ គណបក្សនយោបាយចំនួន១៨ ដែល គ.ជ.ប ទទួលស្គាល់ ទទួលយកការចុះបញ្ជី ដោយសារបានបំពេញឯកសារបានត្រឹមត្រូវ។ ដោយឡែកគណបក្សភ្លើងទៀន ពុំបានយកឯកសារត្រឹមត្រូវមកដក់ជូនគ.ជ.ប នោះទេ។ ការប្រតិកម្មយ៉ាងណានោះ គឺជារឿងគិតដោយឡែក ហើយមិនបានយល់អំពីនីតិវិធី និងតួនាទីរបស់ គ.ជ.ប ហើយស្នើសុំឱ្យពិនិត្យទៅលើទិដ្ឋភាពច្បាប់ និងកុំគិតតែថា ធ្វើឱ្យ គ.ជ.ប ដើរខុសពីផ្លូវច្បាប់ឱ្យសោះ។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ដំណើរនៃការប្រព្រឹត្តទៅនៃការបោះឆ្នោត គឺត្រូវអនុលោមទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីដែលមានជាធរមាន ក្នុងនោះគណបក្សភ្លើងទៀន បានស្នើសុំធ្វើការចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះប្រកួតប្រជែង ប៉ុន្តែអ្វីដែល គ.ជ.ប រកឃើញមិនត្រឹមតែគណបក្សភ្លើងទៀនទេ គឺមានគណបក្សមួយចំនួនមានចំណុចខ្វះខាតដែល គ.ជ.ប មានតួនាទីក្នុងការជូនដំណឹងត្រឡប់ទៅវិញ។ ក្នុងប្រតិទិនកំណត់យក៥ថ្ងៃ ក្រោយការជូនដំណឹងគណបក្សត្រូវបំពេញបន្ថែមរាល់ឯកសារខ្វះខាត។ គណបក្សមួយចំនួនបានបំពេញរួចរាល់។ ដោយឡែកគណបក្សភ្លើងទៀន នៅពេលដែលដល់ថ្ងៃកំណត់បានយកឯកសារមក ដែលមិនមែនជាឯកសារជាតម្រូវការនៃការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះនោះទេ។

ប្រភពដដែលបានបញ្ជាក់ទៀតថា “យើងក៏សង្កេតឃើញមានប្រតិកម្មពីមជ្ឈដ្ឋានជាតិ និងពីរបរទេសមួយចំនួនផងដែរ អំពីអ្វីដែលជាចំណាត់ការរបស់ គ.ជ.ប។ សូមជម្រាបថា គ.ជ.ប ជាស្ថាប័នដែលត្រូវអនុវត្តទៅតាមច្បាប់ ហើយដោយស្មើភាពជាមួយគណបក្សនយោបាយទាំងអស់។ គណបក្សនយោបាយចំនួន១៨ ដែល គ.ជ.ប ទទួលស្គាល់ជាផ្លូវការ ដោយសារមានឯកសារត្រឹមត្រូវ និងបំពេញបានត្រឹមត្រូវ។ ដោយឡែកគណបក្សភ្លើងទៀន ពុំបានយកឯកសារត្រឹមត្រូវមកដាក់ជូន គ.ជ.ប ដែលជាគណបក្សផ្សេងទៀតទេ។ ការប្រតិកម្មយ៉ាងណានោះ គឺជារឿងគិតដោយឡែក ហើយពេលខ្លះមិនបានយល់អំពីនីតិវិធី និងតួនាទីរបស់ គ.ជ.ប។ សម្រាប់គ.ជ.ប ស្នើសុំឱ្យពិនិត្យទៅលើទិដ្ឋភាពច្បាប់ ហើយកុំគិតតែថាឱ្យ គ.ជ.ប ដើរខុសពីច្បាប់ឲ្យសោះ។ គ.ជ.ប នៅតែបំពេញតតួនាទីរបស់ខ្លួនទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ ចំពោះមុខប្រជាពលរដ្ឋ ដើម្បីរៀបចំការបោះឆ្នោតស្របទៅនឹងច្បាប់ បទបញ្ជា នីតិវិធីដែលមានជាធរមាន”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងបរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥ មណ្ឌលរាជធានី- ខេត្ត។ ការបដិសេធនេះ ត្រូវបាន គ.ជ.ប អះអាងថា ដោយមូលហេតុ គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី- ខេត្ត- ក្រុង- ស្រុក- ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា២៧ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕
ដោយ៖ពលជ័យ

ads banner