ជប៉ុន នឹងផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងបន្ថែមដល់កម្ពុជា
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទទួលបាននៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខា លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ។
ក្នុងសេចក្តីប្រកាសព័ត៌មាន បានបន្តថា លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ដែលនឹងត្រូវចុះហត្ថលេខា មានដូចខាងក្រោម៖
១- ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ៧.២០៥ លានយ៉េន (ប្រមាណ ៥២,៦ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងការធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិ លេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម) ដំណាក់កាលទី៤» និង
២- ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ៣៦៦ លានយ៉េន (ប្រមាណ ២,៦៧ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត “គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»។
ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការខាងលើ នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្កើនការពង្រឹងទំនាក់ទំនងដ៏ល្អ ប្រពៃ និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់លើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរ៕

ដោយ សួង ពិសិដ្ឋ