លោក ថេង សាវឿន និងបក្ខពួក ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ និងបទរួមគំនិតក្បត់
ភ្នំពេញ៖ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងបក្ខពួក២រូបទៀត គឺលោក ញឹល ភាព និងលោក ថាន់ ហាច ត្រូវបានតុលាការចោទប្រកាន់ចំនួនពីរបទល្មើស គឺបទរួមគំនិតក្បត់ តាមមាត្រា៤៥៣ និងបទញុះញង់ តាមមាត្រា៤៩៥ និងត្រូវបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តរតនគិរី នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ។ ការចោទប្រកាន់នេះ បន្ទាប់ពីតំណាងអយ្យការ និងចៅក្រមស៊ើបសួរធ្វើការសាកសួររួចរាល់។
គួររម្លឹកឱ្យដឹងថា ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី២០ ខែឧសភានេះថា “លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងបក្ខពួក ពាក់ព័ន្ធនឹងការញុះញង់សាបព្រោះបដិវត្តន៍កសិករ។ សមត្ថកិច្ចមានឯកសារគ្រប់គ្រាន់ ដែលបានរកឃើញ។ ឯកសារនោះ គឺជាឯកសារដែលបំផុសកំហឹងញុះញង់ធ្វើឱ្យខូចសន្ដិសុខសាធារណៈ សាមីខ្លួនក៏បានសារភាពថាបានធ្វើអ៊ីចឹងមែន។ យើងអាចសន្និដ្ឋានបានថា ជាការញុះញង់ ឬក៏សាបព្រោះបដិវត្តន៍កសិករ”។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះថា “យើងដឹងហើយនៅខេត្តរតនគីរី ពីមុន ប៉ុល ពត ក៏បានសាបព្រោះបដិវត្តន៍កសិករនៅម្តុំហ្នឹងដែរ ហើយការរៀនសូត្រមិនខុសគ្នាពីហ្នឹងទេ។ ដូច្នេះគាត់យកគំរូតាម ប៉ុល ពត ដែលសាបព្រោះបដិវត្តន៍កសិករ ក្រោកឡើងតស៊ូផ្តួលរំលំរបបជិះជាន់ វាមិនខុសពីរបប ប៉ុល ពត ទេ។”
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា “យើងអាចចាត់ទុកថា នេះជាវិធានការមួយដើម្បីថែរក្សាសន្តិភាព។ ក្នុងករណីទុកយូរសន្តិភាព វាមានការគំរាមកំហែង។ បដិវត្តន៍កសិករ ជាពិសេសមេខ្មែរក្រហម ប៉ុល ពត, អៀង សារី បានយកមកប្រើប្រាស់នៅជនជាតិភាគតិចខាងត្បូង បន្ទាប់មកបានឈានមកដល់ភូមិភាគកណ្តាល វាទៅជាខ្មែរក្រហម។ បើយើងមិនមានវិធានការទេ វាអាចនឹងរាលដាលដល់សង្គមយើងបច្ចុប្បន្នដែលកំពុងតែមានសន្តិភាព”។
សូមជម្រាបថា លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិកកម្ពុជា(CCFC) និងបក្ខពួក ចំនួន១៧នាក់ ត្រូវបានសម្ថកិច្ចឃាត់ខ្លួននៅខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដើម្បីធ្វើការសាកសួរបំភ្លឺ។ ក្នុងចំណោម១៧នាក់ មានការសង្ស័យមនុស្ស៣នាក់ ដែលជាមេក្លោងទទួលខុសត្រូវរួមមាន៖
១-ឈ្មោះ ថេង សាវឿន ភេទប្រុស ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិកកម្ពុជា(CCFC)
២-ឈ្មោះ ញិល ភាព មន្រ្តីសមាគម
៣-ឈ្មោះ ថាន់ ហាច មន្រ្តីសមាគម
ប្រភពបញ្ជាក់ថា មូលហេតុនៃការឈានទៅឃាត់ខ្លួននេះ ដោយសារតែក្រោយពេលដែលបញ្ចាប់ការបណ្តុះបណ្តាលនៅខេត្តរតនគីរី ពួកគេបានបន្សល់ទុកនូវឯកសារភស្តុតាងមួយចំនួនដែលមានខ្លឹមសារបែបញុះញង់ឱ្យមានការប្រឆាំងរាជរដ្ឋាភិបាល និងសាបព្រោះបដិវត្តន៍កសិករ។ ដោយផ្អែកលើចម្លើយសារភាព និងភស្តុតាងដែលរឹបអូសបាន អាចសន្និដ្ឋានបានថា មុខសញ្ញាមេក្លោងទាំង៣នាក់ខាងលើដឹកនាំដោយឈ្មោះ ថេង សាវឿន គឺពិតជាមានចេតនា ប៉ុនប៉ងធ្វើសកម្មភាពចលនាបដិវត្តន៍កសិករ ញុះញង់ប្រឆាំងរាជរដ្ឋាភិបាល។ បច្ចុប្បន្នមនុស្សទាំង៣នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ខេត្តរតនគិរី ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំពោះអ្នកបានចូលរួមឱ្យធ្វើកិច្ចសន្យាអប់រំ ណែនាំឱ្យវិលត្រលប់ទៅលំនៅដ្ឋានវិញ៕
ដោយ៖ពលជ័យ