សម្តេចតេជោ ហ៊ុន សែន៖ សូមមិត្តបរទេស រក្សាភាពស្ងាត់ស្ងៀម ចាប់តាំងពីពេលនេះ ទៅដល់ការបោះឆ្នោត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅមិត្តភ័ក្របរទេស សូមរក្សាភាពស្ងាត់ស្ងៀម ចាប់តាំងពីពេលនេះ ទៅដល់ការបោះឆ្នោត ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងដូច្នេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។
សម្តេចតេជោ បានថ្លែងថា ដោយសារតែមានការជ្រៀតជ្រែកពីបរទេសកាលពីអតីតកាលនេះហើយ ទើបធ្វើឱ្យប្រជាជនខ្មែរ ស្លាប់អស់រាប់លាននាក់។
សម្តេច បានបញ្ជាក់ថា ហេតុអ្វីបានជាចូលចិត្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសរដ្ឋអធិបតេយ្យមួយម៉្លេះ សុំមើលកម្ពុជាឱ្យឆ្ងាយជាងកម្ពុជា ព្រោះកម្ពុជាមានសិទ្ធិតួនាទីនៅក្នុងអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ដោយសារជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា បរទេសមួយចំនួន បានគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ និងគាំទ្រកៅអីខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ដែលធ្វើឱ្យខ្មែរស្លាប់បាត់បង់ជីវិតជាច្រើន ហើយពួកគេមិនដែលសម្តែងការសោកស្តាយសោះឡើយ។
ជាមួយគ្នានេះ ខណៈដែលនៅសល់តែប្រមាណ ២ខែទៀតប៉ុណ្ណោះ នឹងដល់ការបោះឆ្នោតថ្នាក់ជាតិ ហើយចំពោះការបោះឆ្នោតថ្នាក់លើកទី៧នេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានស្នើសុំឲ្យមិត្តបរទេស រក្សាភាពស្ងៀមស្ងាត់ រហូតដល់ថ្ងៃបោះឆ្នោត ។ សម្តេចថា សម្តេច ក៏មានការហត់នឿយដែរ ព្រោះបរទេសខ្លះ នៅតែមានការស្រែកពីនេះតិច ពីនោះបន្តិច ៕ ដោយ វណ្ណលុក,វេង លឹមហួត,សួង ពិសិដ្ឋ