រដ្ឋមន្រ្តីក្រសួងការងារ៖រាជរដ្ឋាភិបាលតែងផ្តោតការយកចិត្តទុកដាក់លើសមភាពយេនឌ័រនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា រាជរដ្ឋាភិបាលតែងតែផ្តោតការយកចិត្តទុកដាក់លើការធ្វើឱ្យមានសមភាពយេនឌ័រនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការកសាងសមត្ថភាពស្ត្រី ការធានានូវសិទ្ធិ និងឱកាសទទួលបាននូវការថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាលមុខជំនាញ។
នេះជាការថ្លែងឡើងរបស់ឯកឧត្តម អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធិបើកវគ្គបណ្តុះបណ្តាលរយៈពេលីថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែឧសភា ឆ្នាំ២០២៣ ដែលមានសិក្ខាកាមចូលរួមប្រមាណជិត៣០០នាក់។
ឯកឧត្តមមានប្រសាសន៍ថារាជរដ្ឋាភិបាលបានផ្តោតទៅលើការធ្វើឱ្យមានសមភាពយេនឌ័រនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការកសាងសមត្ថភាពស្ត្រី ការកែប្រែឥរិយាបថសង្គមដែលមានការរើសអើងចំពោះស្ត្រី និងការធានានូវសិទ្ធិ និងឱកាសទទួលបាននូវការថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាលមុខជំនាញ ការទទួលបានធនធានសេដ្ឋកិច្ច និងឱកាសចូលរួមប្រាស្រ័យដោយស្មើភាពក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ក្នុងនោះរាជរដ្ឋាភិបាលក៏ផ្តល់នូវកិច្ចការពារតាមផ្លូវច្បាប់ប្រកបដោយយុត្តិធម៌ ដើម្បីឱ្យស្ត្រីអាចជៀសផុតពីអំពើហិង្សា ការជួញដូរ ការរំលោភសេពសន្ធវៈ និងរាល់ទម្រង់ដទៃទៀតនៃការចូលរួមរបស់ស្រ្តីឱ្យបានច្រើនជាអតិបរិមាក្នុងស្ថាប័នជាតិគ្រប់កម្រិត ចាប់តាំងពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន។
ក្រៅពីនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានគ្រប់គ្រង និងតម្រង់ទិសក្រុមហ៊ុនបញ្ចូនពលករ ពលការិនី និងពិនិត្យតាមដានយ៉ាងហ្មត់ចត់ចំពោះក្រុមហ៊ុនដែលបញ្ជូនពលករ ពលការិនីទៅធ្វើការនៅក្រៅប្រទេស ក្នុងការការពារសិទ្ធិ សុវត្ថិភាព និងផលប្រយោជន៍ពួកគេទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់។ លោក អុិត សំហេង បានបញ្ជាក់បន្ថែម។
យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលជនបង្គោលយេនឌ័រក្រោមឱវាទក្រសួងការងារនេះ ធ្វើឡើងដើម្បីបំប៉នសមត្ថភាពបន្ថែមក្នុងការអនុវត្តផែនការសកម្មភាព វិធានការ គោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងការលើកកម្ពស់សមភាពយេនឌ័រ លើកកម្ពស់តម្លៃស្ត្រីឱ្យកាន់តែប្រសើរថែមទៀត។
ថ្លែងក្នុងពិធិបើកវគ្គបណ្តុះបណ្តាលនោះដែរ លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការបណ្តុះបណ្តាលនេះនឹងផ្តល់ការចែករំលែកនូវបទពិសោធន៍ដ៏ល្អសម្បូរបែប និងមានតម្លៃ ដែលធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមដល់ជនបង្គោលយេនឌ័រ តាមអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ចំណែកលោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារីដែលបានចូលរួមនាឱកាសនោះ ក៏បានថ្លែងផងដែរថា ប្រទេសកម្ពុជា មានស្ត្រីដល់ទៅ៥១ភាគរយនៃប្រជាជនសរុប ប៉ុន្តែការផ្ដល់ឱកាស ការអប់រំដល់ស្ត្រីនៅមានកម្រិត ទើបរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិលើកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ, គោលនយោបាយជាតិ, វិធានការនានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងយន្តការបញ្ជ្រាបយេនឌ័រនៅកម្ពុជា។
លោកជំទាវបានបញ្ជាក់ថា ៖ «ទោះជាយ៉ាងណាក៏ដោយ កម្ពុជាត្រូវការវិនិយោគបន្ថែមដើម្បីបំពេញចំណុចខ្វះខាតរបស់ស្ត្រី ហេតុដូច្នេះហើយបានជាមានវគ្គបណ្តុះបណ្តាលសមត្ថភាពបន្ថែមដល់អ្នកប្រតិបត្តិរបស់ក្រសួង ស្ថាប័នដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីភាពសុខដុមរមនារបស់ប្រជាជនកម្ពុជា»។
បើតាមលោកជំទាវ ច័ន្ទ សូរីយ៍ នៅឆ្នាំ ២០២៣ នេះ ក្រសួងកិច្ចការនារីទើបនឹងបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងដាក់ចេញផែនការសកម្មភាពការងារ ឆ្នាំ២០២៤ ផងដែរ៕ ដោយ៖ គឹម យុត្ថារ៉ូ