គោព្រៃកម្ពុជាជាសត្វមានកម្លាំងខ្លាំង ពូកែធន់ស្ទើរតែគ្រប់យ៉ាង
ភ្នំពេញ៖គោព្រៃជាសត្វចតុប្បាទនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ជា សត្វមានកម្លាំងខ្លាំង ពូកែធន់នឹងកម្តៅថ្ងៃ អត់ធន់នឹងចំណីអាហារ និងជំងឺ។ ដោយសារតែរាងសង្ហា និងពូកែធន់នឹងកម្តៅថ្ងៃនេះហើយ បានជាគោព្រៃត្រូវ បានប្រសិទ្ធនាមឱ្យក្រុមបាលទាត់កម្ពុជា។
បើយោងតាមទំព័រហ្វេសប៊ុករបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៣ថា៖ពិភពលោកបានចាត់ប្រភេទគោព្រៃជាសត្វជិត ផុតពូជបំផុត នៅលើពិភពលោក។ នៅក្នុងតំបន់មហាទន្លេមេគង្គ ជាពិសេសប្រទេសកម្ពុជា ត្រូវគេជឿថា សត្វគោព្រៃដែលជាប្រភេទសត្វក្រចកជើងចម្ពាមបាន ផុតពូជនៅ ប្រទេសកម្ពុជាទៅហើយ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថាកាលពីសម័យអាណានិគមបារាំង មានការថតខ្សែភាពយន្តឯកសារបង្ហាញពីគោព្រៃក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលគេឃើញសម្បូណ៌នៅតំបន់ទេសភាពខ្ពង់រាបខាង កើតដូចជា ខេត្តមណ្ឌលគិរីជាដើម និងនៅតាមតំបន់ព្រៃល្បោះផ្សេងទៀតដូចជានៅដែន ជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ។
ឯកឧត្តមបានបន្តឱ្យដឹងថាសត្វគោព្រៃជាសត្វស្លូតដែលរស់នៅជាហ្វូង លាយជាមួយហ្វូងសត្វទន្សោង ខ្ទីង និងប្រើស។ នៅទសវត្សរ៍ឆ្នាំ ១៩៦០ ព្រះមហាក្សត្រខ្មែរបានកំណត់ និងប្រកាសចាត់ទុក គោព្រៃជា«និមិត្តរូប នៃមរតក ធម្មជាតិកម្ពុជា»។ តាមរយៈព្រះរាជក្រឹត្យលេខ នស/រតក/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វ និងរុក្ខជាតិសម្រាប់និមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា គោព្រៃគឺជាសត្វ ចតុប្បាទនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ម៉ាដេប៉ូ