ជប៉ុនផ្តល់ជំនួយអភិវឌ្ឍន៍ជាង៥៥លានដុល្លារដល់កម្ពុជាសម្រាប់អនុវត្តគម្រោងចំនួន០២
ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះហត្ថលេខាលើឯកសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន មកកម្ពុជា រួមមាន ឥណទានសម្បទានប្រាក់យ៉េន និងហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបទាំងអស់ចំនួន ៧.៥៧១.០០០.០០០ លានយ៉េន (ប្រមាណ ៥៥,២៧ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងចំនួន ០២ ដូចខាងក្រោមៈ
1.គម្រោងកែលម្អផ្លូវជាតិលេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម ដំណាក់កាលទី៤)
-មានទឹកប្រាក់ចំនួនប្រាំពីរពាន់ពីររយប្រាំលានយ៉េនជប៉ុន (៧.២០៥.០០០.០០០យ៉េន) ឬ ប្រមាណ ៥២,៦ លានដុល្លារ។
-កញ្ចប់ថវិកានេះ គឺជាកញ្ចប់ទី៤ សម្រាប់គម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ៥ ពី ព្រែកក្តាម-ធ្លាម្អម ដែលបានចំណាយថវិកាជាបន្តបន្ទាប់ប្រមាណ ៣១៧,៤២ លានដុល្លារអាមេរិក។ គម្រោងនេះ ជាគម្រោងកែលម្អកំណាត់ផ្លូវជាតិមួយក្នុងចំណោមគម្រោងកែលម្អកំណាត់ផ្លូវចំនួនបី លើដងផ្លូវជាតិលេខ៥។
-បន្ទាប់ពីការបញ្ចប់នូវគម្រោងទាំងមូល ផ្លូវជាតិនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការបង្កើនសកម្មភាពសេដ្ឋកិច្ចបន្ថែមទៀត រួមទាំងការលើកកម្ពស់សមត្ថភាពដឹកជញ្ជូន និងប្រសិទ្ធភាពឡូជីស្ទិក ក៏ដូចជាការរួមចំណែកដល់សមាហរណកម្មក្នុងតំបន់។
2.គម្រោងអាហារូបករណ៍សម្រាប់ការអភិវឌ្ឍធនធានមនុស្ស
-មានទឹកប្រាក់ចំនួនបីរយហុកសិបប្រាំមួយលានយ៉េនជប៉ុន (៣៦៦.០០០.០០០លានយ៉េន) ឬប្រមាណ២,៦៧លានដុល្លារអាមេរិក។
-ហិរញ្ញប្បទានឥតសំណងនេះ នឹងផ្តល់អាហារូបករណ៍ពេញលេញជូនដល់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាចំនួន ២៦កន្លែង មកពីស្ថាប័នផ្សេងៗ ទៅបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសជប៉ុន ក្នុងនោះរួមមាន ២៤កន្លែង សម្រាប់ថ្នាក់អនុបណ្ឌិត និង០២កន្លែង សម្រាប់ថ្នាក់បណ្ឌិត។
-ចាប់តាំងពីត្រូវបានបង្កើតឡើងវិញសម្រាប់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០០០ គម្រោងនេះបានផ្តល់អាហារូបករណ៍ដល់មន្ត្រីកម្ពុជា សរុបទាំងអស់ចំនួន៥៤៨រូប ដែលអាចឱ្យមន្រ្តីទាំងនោះប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ខ្លួន ដើម្បីរួមចំណែកដល់ការការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា និងការតភ្ជាប់រវាងប្រជាជនកម្ពុជា និងជប៉ុនកាន់តែជិតស្និទ្ធ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ