រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន បានឈានដល់កម្រិតខ្ពស់បំផុត
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន បានឈានដល់កម្រិតខ្ពស់បំផុត ខណៈពេលដែលកម្ពុជា និងជប៉ុន កំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើឯកសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន មកកម្ពុជា រួមមាន ឥណទានសម្បទានប្រាក់យ៉េន និងហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបទាំងអស់ចំនួន ៧.៥៧១.០០០.០០០ លានយ៉េន (ប្រមាណ៥៥,២៧ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងចំនួន ០២ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកផងដែរអំពីការប្តេជ្ញាចិត្តរបស់ ឯកឧត្តមផ្ទាល់ និង ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមផ្ទាល់ទៅកាន់ប្រទេសជប៉ុនកាលពីដើមឆ្នាំនេះ ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីក្រោមក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបត្រូវបានដំឡើងកាលពីពេលថ្មីៗនេះ។ ក្នុងឱកាស នៃដំណើរទស្សនកិច្ចផ្លូវការនោះផងដែរ កម្ពុជា និងជប៉ុន បានសម្រេចដំឡើងកម្រិតយន្តការពិគ្រោះយោបល់ទ្វេភាគីរបស់ក្រសួងការបរទេសនៃប្រទេសទាំងពីរ, ពង្រីកកិច្ចសហប្រតិបតិ្តការត្រីភាគី ស្តីពីការដោះមីនដល់ប្រទេសទីបីផ្សេងទៀត ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌, ចាប់ផ្តើមឡើងវិញនូវកម្មវិធីស្វែងយល់ពីដំណើរការលទ្ធិប្រជាធិបតេយ្យពហុបក្សនៅប្រទេសជប៉ុន សម្រាប់អ្នកនយោបាយវ័យក្មេងកម្ពុជា, និងឯកភាពគ្នាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងកិច្ចសហប្រតិបតិ្តការ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងក្របខណ្ឌពាក់ព័ន្ធអាស៊ាន។

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់មកកាន់ព្រះរាជាណាចក្រកម្ពុជា ទាំងតាមរយៈជំនួយ និងកិច្ចសហប្រតិបត្តិការជាច្រើន រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខ្លួន រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ សុខាភិបាល អប់រំ ការផ្គត់ផ្គង់ទឹក សន្តិសុខនិងការពារជាតិ ប្រតិបត្តិការរក្សាសន្តិភាព តភ្ជាប់រវាងប្រជាជននិងប្រជាជន និងការដោះមីនជាដើម៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ