គ.ជ.ប នឹងចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត នៅថ្ងៃទី២៩ ខែឧសភា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប (ជាន់ទី១)។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

គ.ជ.ប បន្តថា ពិធីនេះនឹងប្រព្រឹត្តទៅដូចខាងក្រោម៖

  • ការថ្លែងសុន្ទរកថាបើកដោយឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប
  • ការបង្ហាញសន្លឹកឆ្នោត ស្រោមសំបុត្រដាក់សន្លឹកឆ្នោត និងហិបឆ្នោត
  • ការចាប់ឆ្នោតដោយ សម្ដេចព្រះសង្ឃរាជ ទាំងពីរគណៈ
  • ការប្រកាសលទ្ធផលនៃការចាប់ឆ្នោត ដោយឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។
    សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន។

គួរបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចទទួលស្គាល់ជាផ្លូវការលើបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ចំនួន១៨ និងសម្រេចបដិសេធបញ្ជីគណបក្សនយោបាយចំនួន២។

គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការរលើបញ្ជីគណបក្សនយោបាយ ចំនួន១៨ មានដូចជា ៖
១.គណបក្សប្រជាជនកម្ពុជា
២.គណបក្សយុវជនកម្ពុជា
៣.គណបក្សខ្មែររួបរួមជាតិ
៤.គណបក្សធម្មាធិបតេយ្យ
៥.គណបក្សកម្លាំងប្រជាធិបតេយ្យ
៦.គណបក្សសញ្ជាតិកម្ពុជា
៧.គណបក្សខ្មែរតែមួយ
៨.គណបក្សខ្មែរអភិរក្ស
៩.គណបក្សហ៊្វុនស៊ិនប៉ិច
១០.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
១១.គណបក្សបំណងពលរដ្ឋ
១២.គណបក្សឯកភាពជាតិខ្មែរ
១៣.គណបក្សស្ត្រីដើម្បីស្ត្រី
១៤.គណបក្សខ្មែរឈប់ក្រ
១៥.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៦.គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៧.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
១៨.គណបក្សកសិករ

គ.ជ.ប បានបន្តថា គណបក្សនយោបាយ ចំនួន២ ដែលគ.ជ.ប សម្រេចបដិសេធមានដូចជា៖ ១.គណបក្សភ្លើងទៀន និង២.គណបក្សមហាសាមគ្គីជាតិខ្មែរ៕
ដោយ៖ពលជ័យ

ads banner