អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញអបអរសាទរដល់កម្ពុជាធ្វើម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយភាពជោគជ័យ ដែលលើកកម្ពស់មុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម Wojciech Gerwel អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេសនៃសាធារណរដ្ឋប៉ូឡូញ និងជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី២ រវាងកម្ពុជា និងប៉ូឡូញ បានអបអរសាទរដល់កម្ពុជា ចំពោះសមិទ្ធផលដ៏អស្ចារ្យនៃការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ក៏ដូចជាការធ្វើម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយភាពជោគជ័យ ដែលលើកកម្ពស់មុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ ហើយបានស្ងើចសរសើរយ៉ាងជ្រាលជ្រៅចំពោះវឌ្ឍនភាពសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា និងបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩។

ការលើកឡើងរបស់អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេសនៃសាធារណរដ្ឋប៉ូឡូញ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកកទី២ រវាងកម្ពុជា និងប៉ូឡូញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០៣ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។ ភាគីកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ភាគីទាំងពីរបានកត់សម្គាល់ ដោយសេចក្តីរីករាយចំពោះចំណងមិត្តភាពដ៏ល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជនប៉ូឡូញ ចំពោះជំនួយសប្បុរសធម៌សម្រាប់ការអភិវឌ្ឍដល់កម្ពុជានាច្រើនឆ្នាំកន្លងមក ចាប់តាំងពីកម្ពុជាបានរួចផុតពីរបបប្រល័យពូជសាសន៍ក្នុងឆ្នាំ១៩៧៩ និងបានសង្ខេបជូនភាគីមិត្តអំពីទិដ្ឋភាពទូទៅនៃស្ថានភាពនយោបាយនៅកម្ពុជា ជាពិសេសការបោះឆ្នោតសកលនាពេលឆាប់ៗខាងមុខ ការវិវឌ្ឍសេដ្ឋកិច្ច ភាពអំណោយផល និងទាក់ទាញនៃការវិនិយោគនៅកម្ពុជា និងភាពជោគជ័យរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២។

ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានចែករំលែកទស្សនៈរួមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ សភាទាំងពីរ និងរវាងអង្គការតំបន់ទាំងពីរគឺអាស៊ាន និងសហភាពអឺរ៉ុប ព្រមទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ និងវប្បធម៌-ល-។ ឯកឧត្តមទាំងពីរនឹងលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធធ្វើការរួមគ្នា បង្កើតឯកសារគតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសទាំងពីរ ដើម្បីជំរុញការចូលរួមកាន់តែសកម្មពីវិស័យឯកជន។ ភាគីទាំងពីរបានចែករំលែកទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងពិភពលោកដែលជាផលប្រយោជន៍ និងកង្វល់រួមមួយចំនួន។

ជាទីបញ្ចប់នៃកិច្ចពិគ្រោះយោបល់ ឯកឧត្តមទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៉ូឡូញស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយជោគជ័យក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា។ កិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងកម្ពុជា និងប៉ូឡូញ លើកទី៣ នឹងត្រូវធ្វើឡើងនៅប្រទេសប៉ូឡូញ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ads banner