ឥណ្ឌូនេស៊ីនឹងបង្ក្រាបអ្នកទេសចរបរទេស ដែលប្រើប្រាស់រូបិយប័ណ្ណគ្រីបតូសម្រាប់ការទូទាត់

បាលី៖ រដ្ឋាភិបាលខេត្តរបស់កោះបាលីព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើអ្នកទេសចរបរទេសទាំងឡាយណា ដែលប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ សម្រាប់ជាមធ្យោបាយទូទាត់នៅក្នុងសណ្ឋាគារ ភោជនីយដ្ឋាន កន្លែងទេសចរណ៍ មជ្ឈមណ្ឌលទិញទំនិញ និងកន្លែងផ្សេងៗទៀត។

អភិបាលកោះបាលី លោក វ៉ាយ៉ាន ខូស្ទឺ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅថ្ងៃអាទិត្យថា អ្នកទេសចរបរទេសទាំងឡាយ ដែលមានអាកប្បកិរិយាមិនសមរម្យ ធ្វើសកម្មភាពដែលមិនត្រូវបានអនុញ្ញាតក្នុងទិដ្ឋាការរបស់ពួកគេ ដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបជាមធ្យោបាយទូទាត់ប្រាក់ ហើយរំលោភលើបទប្បញ្ញត្តិផ្សេងទៀត នឹងត្រូវបានដោះស្រាយយ៉ាងម៉ឺងម៉ាត់។

លោក ខូស្ទឺ បន្ថែមថា ចំណាត់ការមានចាប់ពីការនិរទេស ការដាក់ទណ្ឌកម្មផ្នែករដ្ឋបាល ការដាក់ទណ្ឌកម្មព្រហ្មទណ្ឌ ការបិទកន្លែងអាជីវកម្ម និងការដាក់ទណ្ឌកម្មដ៏តឹងតែងផ្សេងទៀត។ លោកក៏បានបញ្ជាក់ជាថ្មីថា ការប្រើប្រាស់រូបិយប័ណ្ណផ្សេងទៀតក្រៅពីប្រាក់រូពីរបស់ឥណ្ឌូនេស៊ី ជាមធ្យោបាយទូទាត់ក្នុងប្រទេសឥណ្ឌូនេស៊ី គឺត្រូវបានហាមឃាត់។

យោងតាមច្បាប់របស់ប្រទេសឥណ្ឌូនេស៊ី ប្រសិនបើនរណាម្នាក់ប្រើប្រាស់រូបិយប័ណ្ណផ្សេងទៀតក្រៅពីប្រាក់រូពី ពួកគេអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់អតិបរមាចំនួន ២០០លានរូពី ឬប្រហែល ១៣,៣០០ដុល្លារអាមេរិក៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner