រាជរដ្ឋាភិបាលកម្ពុជាបន្តលើកកម្ពស់ធុរកិច្ចក្រៅប្រព័ន្ធ តាមរយៈអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់ និងកំពុងផ្តល់អាទិភាពក្នុងការលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋដែលប្រកបរបរក្រៅប្រព័ន្ធ។

នៅក្នុងប្រទេសកម្ពុជា សកម្មភាពធុរកិច្ចក្រៅប្រព័ន្ធ មានចំនួនច្រើនដែលភាគច្រើនជាបុគ្គលស្វ័យនិយោជន៍ និងអង្គភាពសេដ្ឋកិច្ចធុនមីក្រូ ដែលមានក្នុងវិស័យលក់ដុំ លក់រាយ ជួសជុលយានយន្ត ដឹកជញ្ជូន និងស្តុកទំនិញ សេវាកម្មស្នាក់នៅ និងម្ហូបអាហារ និងសេវាកម្មផ្សេងទៀត។

នៅក្នុងសិក្ខាសាលាស្ដីពី «ការលើកកម្ពស់ធុរកិច្ចក្រៅប្រព័ន្ធ» នាចុងសប្តាហ៍នេះឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗ សម្រាប់អ្នករកស៊ីក្រៅប្រព័ន្ធ ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

ឯកឧត្តមបានគូសបញ្ជាក់ដូច្នេះថា ៖ «ការលើកកម្ពស់ការយល់ដឹងសាធារណៈ ក៏ដូចជាការជំរុញឲ្យមានការចូលរួមពីវិស័យឯកជន គឺជាកិច្ចការដ៏សំខាន់ក្នុងការលើកកម្ពស់ធុរកិច្ចក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ខ្ញុំកត់សម្គាល់ឃើញថា នៅកម្ពុជា សកម្មភាពធុរកិច្ចក្រៅប្រព័ន្ធ មានចំនួនច្រើន ដែលភាគច្រើនជាបុគ្គលស្វ័យនិយោជន៍ និងអង្គភាពសេដ្ឋកិច្ចធុនមីក្រូ ដែលមានក្នុងវិស័យលក់ដុំ លក់រាយ ជួសជុលយានយន្ត ដឹកជញ្ជូន និងសេវាកម្មផ្សេងទៀត»។

យ៉ាងណាក៏ដោយឯកឧត្តមបានបញ្ជាក់ទៀតថា ការលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវមានគោលនយោបាយយុទ្ធសាស្ត្រ រួមទាំងកម្មវិធី និងគម្រោង ព្រមទាំងការចូលរួមពីតួអង្គពាក់ព័ន្ធនានា។ ដោយឡែកការលើកកម្ពស់សហគ្រិនភាព និងពង្រឹងសមត្ថភាពវិស័យឯកជន រួមទាំងធុរជន ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងចូលរួមចំណែកសំខាន់ សម្រាប់អភិវឌ្ឍធុរកិច្ចក្រៅប្រព័ន្ធ។

ឯកឧត្តម ហ៊ាន សាហ៊ីប បានបញ្ជាក់បន្ថែមថា ៖ «ក្នុងន័យនេះ តួអង្គពាក់ព័ន្ធអាចអនុវត្តសកម្មភាពនានា ដើម្បីគាំទ្រដល់ធុរកិច្ចក្រៅប្រព័ន្ធ ដូចជា ការប្រឹក្សាយោបល់ ការផ្តល់ការលើកទឹកចិត្ត ការបណ្តុះបណ្តាល និងលទ្ធភាពទទួលបានហិរញ្ញប្បទាន ជាដើម។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់ការគ្របដណ្ដប់ការថែទាំសុខភាព ដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយ:មូលនិធិសមធម៌សុខាភិបាល ដែលរដ្ឋជាអ្នករាប់រងចំណាយទាំងស្រុង ផងដែរ»។

លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានកត់សម្គាល់ដែរថា ស្ថានភាពរបស់ធុរកិច្ចក្រៅប្រព័ន្ធក្នុងវិស័យផលិតកម្ម និងម្ហូបអាហារ ហាក់មិនទាន់មានភាពល្អប្រសើរនៅឡើយ ដែលទាមទារឱ្យមានការកែលម្អបន្ថែម។

លោកស្រីថា ម្យ៉ាងវិញទៀត ការធ្វើអាជីវកម្មដោយមិនមានការកត់ត្រានូវរបាយការណ៍ហិរញ្ញវត្ថុ ក៏នៅតែទម្លាប់របស់ម្ចាស់អាជីវកម្មក្រៅប្រព័ន្ធមួយចំនួន ដែលបញ្ហាទាំងអស់នេះ នៅតែជាឧបសគ្គសម្រាប់អ្នករកស៊ីក្រៅប្រព័ន្ធ។

លោកស្រី កែវ មុំ បានប្រាប់ថា ៖ «បច្ចុប្បន្ន ស្ថានភាព និងបញ្ហាប្រឈមសម្រាប់ធុរកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យផលិតកម្ម និងម្ហូបអាហារ រួមមាន ផលិតផលមិនមានស្ដង់ដារ អនាម័យផលិតផលនៅមានកម្រិត ទីកន្លែងលក់ដូរតូចចង្អៀត និងនៅមានកម្រិត។ មិនត្រឹមតែប៉ុណ្ណោះ ការលក់ដូរខ្លះមិនមានកន្លែងលក់ពិតប្រាកដ និងបន្តការលក់ដូរតាមបែបប្រណៃណី ដែលមិនអាចឲ្យពួកគាត់អាចពង្រីកអាជីវកម្មរបស់ខ្លួន»។

លោក អាត់ ធន់ សហភាពការងារកម្ពុជា (CLC) បានប្រាប់ឱ្យដឹងដែរថា ការអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗ សម្រាប់អ្នករកស៊ីក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាលនេះ ជារឿងល្អ ពោលគឺចំពេលដែលអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធកំពុងតែជួបការលំបាកដោយសារអាជ្ញាធរតម្រូវឱ្យបង់ភាស៊ី ថ្លៃសណ្តាប់ធ្នាប់ ឬបង់ទៅលើសេវាផ្សេងៗ។

លោកបន្តថា ៖ « បើសិនមានការអនុគ្រោះបែបនេះមែន ខ្ញុំគិតថានឹងធ្វើឱ្យបងប្អូនអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធយើង បានរួចផុតពីការចំណាយលុយទៅលើអាជ្ញាធរ ឬក៏សមត្ថកិច្ចជាដើម ដែលស្ថិតនៅក្នុងស្ថានភាពវិបត្តិសកលនេះ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជួបការលំបាកច្រើនក្នុងការរកចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ»។ ដោយ៖ វណ្ណ សុជាតា

ads banner