​​កម្ពុជានឹងប្រារព្ធទិវាកុមារអន្តរជាតិឡើងវិញ ក្រោយអាក់ខាងអស់រយៈពេលបីឆ្នាំ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្វទិវាកុមារអន្តរជាតិឡើងវិញ ដើម្បីអបអរសាទរនិងរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារនិងបង្ហាញពីការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកុមារ ក្រោយខកខានរៀបចំអស់រយៈពេលបីឆ្នាំ ដោ​យសារវិបត្តិកូវីដ១៩។

តាមរយៈសារាចរដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាស្តីការរៀបចំខួបលើកទី៧៤ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២២ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០​២​៣នេះ បានបញ្ជាក់ថា អស់រយៈពេលបីឆ្នាំមកហើយ ដែលកម្ពុជាបានអាក់ខានរៀបចំពិធីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ដោយសារការឆ្លងរីករាលដាល​ជំងឺកូវីដ១៩។

សម្ដេចតេជោ  ហ៊ុន សែន បានបញ្ជាក់ទៀតថា ៖ «ឆ្នាំនេះដោយស្ថានភាពបានត្រឡប់មកប្រក្រតីឡើងវិញ ​កម្ពុជានឹងប្រារព្ធ ទិវាទាំងនេះឡើ​ងវិញ ដើម្បីអបអរសាទរ និងរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការ​យកចិត្តទុកដាក់របស់រាជរដ្ឋា​ភិ​បាលកម្ពុជាចំពោះកុមារ ស្របតាមរដ្ឋធម្មនុញ្ញ អនុសញ្ញាស្តីពីសិទ្ធិកុមារ​ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់កា​រលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្ម​កុមារ និងលិខិតបទដ្ឋានគតិយុត្តជាតិនិងលិខិតុបករណ៍អន្តរជាតិ ពាក់ព័ន្ធនឹងសិ​ទ្ធិកុមារផ្សេងៗទៀត»។

ប្រមុខរាជរដ្ឋាភិបាល បានបន្តថា ការប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា គឺជាការបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុះមុតរ​បស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយសុខុមាលភាព សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារកម្ពុជា ដែលកម្ពុជា បានផ្តល់សច្ចាប័នលើលិខិតុបករណ៍អន្តរជាតិនិងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ។

ប្រភពដដែល​បន្តថា ចំពោះ​ការប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនាវិញ គឺជាការបង្កើនច​លនាពិភពលោកប្រឆាំងពលកម្មកុមារ ដែលបានស្តែងឱ្យឃើញតាមរយៈការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការពលកម្មអន្ដរជាតិ​ស្តីពីការហាមប្រាមនិងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និង​ការ​ទប់ស្កាត់ការប្រើប្រា​ស់ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ។

​រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ៖ «សម្រាប់កម្ពុជាវិញ យើងប្រារព្ធទិវាកុមារកម្ពុជានេះឡើង ដើម្បីលើកកម្ពស់ និងជំរុញ ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព ​និងការការពារកុមារពីបញ្ហាប្រឈម និងការរំលោភបំ​ពានផ្សេងៗ»។

សម្ដេចតេជោ  ហ៊ុន សែន បន្តថា ៖ «ជាពិសេសរំលឹកនូវមហាវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ព​ត ដែលក្នុងនោះកុមារត្រូវបំបិទសិទ្ធិទាំងស្រុង ហើយទទួលរងនូវការកាប់សម្លាប់ ធ្វើទារុណកម្ម បង្ខំឱ្យ ធ្វើការជាទម្ងន់ បង្អត់អាហារ រស់នៅយ៉ាងលំបាកវេទនាដោយអយុត្តិធម៌ ព្រមទាំងបានបន្សល់ទុកនូវផលពិបាក យ៉ាងធ្ងន់ធ្ងរបំផុត»។

ដើម្បីអបអរសាទរទិវាទាំងនេះ រាជរដ្ឋាភិបាលក៏បាន​​ធ្វើការណែនាំ ឱ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធអនុវត្តនូវចំណុច​សំខាន់ៗមួយចំនួនផងដែរ ដោយ​ក្នុងនោះ ការ​ខួបលើកទី៧៤ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២២ទិវាពិភពលោកប្រឆាំងពលកម្មកុ​មារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៣ ត្រូវបានប្រារព្ធក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាការពារនិង អភិវឌ្ឍកុមារគ្រប់រូបក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល និង យុត្តិធម៌សង្គមសម្រាប់គ្រប់គ្នាដើម្បីបញ្ចប់ពលកម្មកុមារ»។

​ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ត្រូវសហការរៀបចំមីទ្ទងថ្នាក់ជាតិនិងរៀបចំកម្មវិធីកម្សាន្ដផ្សេងៗ សម្រាប់កុមារនៅរាជធានីភ្នំពេញ។

​​រាជរដ្ឋាភិបាល ក៏បានណែនាំ​ក្រសួងព័ត៌មានត្រូវសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ណែនាំប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋ ឯកជន និងបណ្ដាញសារព័ត៌មានផ្សេងទៀត ធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូលឱ្យជ្រួតជ្រាបពីប្រវត្តិ និងគោ​លបំណងនៃទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៣។

​សម្ដេចតេជោបានបន្តថា ៖ «គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំមិទ្ទីង ពិធីជួបសំណេះសំណាលជាមួយ កុមារ កម្មវិ​ធីកម្សាន្តសប្បាយរបស់កុមារ នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋ ឯកជន អង្គការមិនមែនរដ្ឋាភិបាលជា​តិនិងអន្តរជាតិ និងគ្រប់មណ្ឌលកុមារកំព្រានៅក្នុងមូលដ្ឋានរៀងៗខ្លួន»។

ចំណុចសំខាន់​មួយទៀតនោះគឺ ​គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត គ្រឹះស្ថានសាធារណៈ ឯកជន ត្រូវជ្រើសរើសទីតាំង សមស្រប និងតាមដងវីថីសំខាន់ៗ ដើម្បីចងបដាពាក្យស្លោកអបអរសាទរខួបលើកទី៧៤ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២២ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៣នេះ។

ទាក់ទងនឹងទិវាកុមារអន្តរជាតិនេះដែរ ​​នៅ​ថ្ងៃទី១ ខែមិថុនាខាងមុខ ​ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងអប់រំ យុវជន និងកីឡា, សម្ពន្ធអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុ មារ រួមនឹងក្រសួង ស្ថាប័ន និងអង្គការមិនមែន រដ្ឋាភិបាលជាតិ-អន្តរជាតិជាច្រើនទៀត​ នឹងរៀបចំពិធីមីទ្ទិងអបអរខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១ មិថុនាផងដែ​រ នាសាលមហោស្រព នៃមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍កោះ​ពេជ្រ ដែល​​សមាសភាព​ចូលរួម ​ប្រមាណ ៣ ០០០ នាក់៕

ដោយ៖វណ្ណ សុជាតា

ads banner