ក្រសួងសង្គមកិច្ច ស្នើឱ្យមានការដាក់ជាសំឡេងកណ្ដឹងនៅតាមស្តុបចរាចរណ៍ សម្រាប់ជំនួយដល់ជនពិការភ្នែក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្នើឱ្យមានការរៀបចំការដាក់ជាសំឡេងកណ្ដឹងនៅតាមស្តុបចរាចរណ៍នានា ដើម្បីជំនួយដល់ជនមានពិការភាពភ្នែក នៅពេលឆ្លងកាត់ផ្លូវថ្នល់ ខណៈដែលនៅតាមស្តុបចរាចរណ៍នីមួយៗ ពុំទាន់មានសំឡេងសម្រាប់ជំនួយជនពិការភ្នែកនៅឡើយ។

តាមរយៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងបានលើកឡើងកាលពីថ្ងៃទី៣០ ខែឧសភា ថា លោកចង់ឱ្យមានសំឡេងកណ្ដឹងជំនួយនៅតាមស្តុបចរាចរណ៍នានា ដើម្បីងាយស្រួលដល់ជនមានពិការភាពភ្នែកនៅពេលឆ្លងកាត់ផ្លូវថ្នល់។

ឯកឧត្តមថ្លែងបែបនេះនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«អនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងបទដ្ឋានច្បាប់ជាតិក្នុងកិច្ចគាំពារជនមានពិការភាព» នៅខេត្តព្រះសីហនុ។

ឯកឧត្តម ឯម ច័ន្ទមករា មានប្រសាសន៍ថា បច្ចុប្បន្ននៅតាមផ្លូវជាច្រើនក្នុងរាជធានីភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួនបានរៀបចំនូវផ្លូវសម្រាប់ជនមានពិការភាពប្រើប្រាស់ ខណៈហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ជនមានពិការភាពនៅតាមទីតាំងសាធារណៈក៏ត្រូវបានរៀបចំជាបន្តបន្ទាប់ផងដែរ។

លោកបានបន្តថា ប៉ុន្តែនៅតាមភ្លើងចរាចរណ៍នីមួយៗ ពុំទាន់មានសំឡេងសម្រាប់ជនមានពិការភាពភ្នែកនៅពេលឆ្លងកាត់ផ្លូវថ្នល់នៅឡើយទេ ខណៈដែលពួកគាត់មិនអាចមើលឃើញភ្លើងចរាចរណ៍ គឺត្រូវការសម្លេងដែលអាចប្រាប់ថាអាចឆ្លងបាន ឬមិនទាន់ឆ្លងបាន។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ចំណេះបន្ថែមថ្មីមួយទៀតសម្រាប់សមាជិក សមាជិកា នៃក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តព្រះសីហនុ ដែលជាតួអង្គយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការសម្រេចបាននូវស័ក្តិសិទ្ធិភាពនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងបទដ្ឋានច្បាប់ជាតិនានាក្នុងកិច្ចគាំពារដល់ជនមានពិការភាព។

ជុំវិញរឿងនេះ លោក វិន វិចិត្រ ប្រធានក្រុមយុវជនពិការភ្នែកជំនាន់ថ្មី (Blind New Generation) បានបង្ហាញពីការគាំទ្រនូវគំនិតលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងនេះ។

ក្នុងនាមលោកក៏ជាជនពិការភ្នែកមួយរូប លោកបានប្រាប់ថា វាពិតជាល្អមែនទែន ដែលរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ មានការគិតគូរ និងរៀបចំឱ្យមានការដាក់សំឡេងកណ្ដឹងនៅតាមស្ដុបចរាចរណ៍នានាសម្រាប់ជំនួយដល់ជនមានពិការភាពភ្នែកនៅពេលធ្វើដំណើរឆ្លងកាត់។

ប៉ុន្តែរាល់ការស្នើឱ្យមានការរៀបចំការដាក់កណ្ដឹងសម្រាប់ជំនួយដល់ជនពិការភ្នែក លោក វិន វិចិត្រ ក៏ស្នើឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវសិក្សាឱ្យបានស៊ីជម្រៅផងដែរ ពីព្រោះជាបទពិសោធន៍កន្លងមកតាមរយៈការបង្កើតជាផ្លូវសម្រាប់ជនពិការភ្នែក បច្ចុប្បន្ននេះជនពិការភ្នែកនៅមិនអាចប្រើប្រាស់ផ្លូវទាំងនោះបានដោយពេញលេញ និងមានប្រសិទ្ធភាពនោះឡើយ។

លោកបន្តថា នេះដោយសារតែការយល់ដឹងរបស់អ្នកពិការភ្នែក បានយល់ដឹង និងទទួលបានព័ត៌មានពីផ្លូវទាំងនោះ មានកម្រិត ហើយសម្រាប់ប្រជាពលរដ្ឋទូទៅមួយចំនួន ក៏មិនទាន់យល់ច្បាស់ដែរ ខណៈដែលសព្វថ្ងៃ ពលរដ្ឋទូទៅ បានចតម៉ូតូ ឬក៏លក់ដូរនៅលើផ្លូវទាំងនោះជាដើម។ ដោយ៖ ជា សុខនី

ads banner