ទេសរដ្ឋមន្រ្តី លី ធុជ៖ ប្រតិបត្តិករដោះមីនទាំងអស់ត្រូវចូលរួមក្នុងកិច្ចគាំពារសន្តិភាព តាមរយៈការបោសសម្អាតមីន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានណែនាំដល់ប្រតិបត្តិករដោះមីនទាំងអស់ត្រូវបន្តចូលរួមបេសកកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការងារបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌ។

ឯកឧត្តមលើកឡើងដូចនេះ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ និងជួបសំណេះសំណាលជាមួយជនពិការ និងអ្នកទទួលផង នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ក្រោមការគាំទ្រពី មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥។

តាមរយៈអាជ្ញាធរមីន ឯកឧត្តម លី ធុជ បានថ្លែងឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលដៅបញ្ចប់ការងារបោសសម្អាតមីនឱ្យអស់ក្នុងឆ្នាំ២០២៥ និងបន្តដោះស្រាយរយៈពេលវែងនូវហានិភ័យសេសសល់ពីសំណល់ជាតិផ្ទុះពីសង្រ្គាមបន្ទាប់ឆ្នាំ២០២៥ ដែលត្រូវការជាចាំបាច់នូវបទពិសោធន៍ ជំនាញ និងការលះបង់ខ្ពស់របស់បងប្អូនប្រតិបត្តិករដោះមីន។

ជាមួយគ្នានេះដែរឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីអង្គភាពស៊ីម៉ាក់គ្រប់ជាន់ថ្នាក់ ដែលបានចូលរួមសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងក្នុងកិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចាប់តាំងពីឆ្នាំ១៩៩២។

ឯកឧត្តមបន្ថែមថា ចាប់ពីឆ្នាំ២០២២ មកសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់នូវថវិកាដល់អង្គភាពស៊ីម៉ាក់សម្រាប់ការងារបោសសម្អាតមីននៅខេត្តកំពង់ធំ តាមរយៈអាជ្ញាធរមីន ក្នុងគម្រោង «សម្តេចតេជោសម្រាប់សកម្មភាពមីន» និងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដើម្បីបញ្ចប់វត្តមានគ្រាប់មីនដែលបានដឹង និងប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៣ នេះ។

ឯកឧត្តមឱ្យដឹងថា ៖ «ខេត្តកំពង់ធំ គឺជាខេត្តមួយទទួលបានផលប្រយោជន៍ពីការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងទំហំផ្ទៃដីជាង ៧៦ គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ៧២៤៩ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១០១គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ១៥ ៦៧៦៣ គ្រាប់ និងមានអ្នកទទួលផលជាង ១លាននាក់»។

បើតាមអាជ្ញាធរមីន គិតត្រឹមខែឧសភា ឆ្នាំ២០២៣ ខេត្តកំពង់ធំ នៅសល់ផ្ទៃដីមានមីននិងគ្រាប់ប្រមាណជា ១២៨ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៣៥ គីឡូម៉ែត្រក្រឡា នឹងត្រូវបោសសម្អាតឱ្យអស់ក្នុងឆ្នាំ២០២៣នេះ៕ ដោយ៖ សុខ រក្សា

ads banner