ព្រះមហាក្សត្រខ្មែរបញ្ចប់ព្រះរាជទស្សនកិច្ចក្នុងប្រទេសឥណ្ឌា (Video Inside)

ព្រះរាជដំណើរបំពេញទស្សនកិច្ចព្រះករុណាព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថនរោត្តមសីហមុនី ក្នុងប្រទេសឥណ្ឌារយៈពេល៣ថ្ងៃបានបញ្ចប់។ ព្រះករុណាព្រះមហាក្សត្របានយាងវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នារសៀលថ្ងៃពុធ ទី៣១ ឧសភា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ,សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំនានាតាមក្រសួងស្ថាប័ននានា, មន្ត្រីទូត បានអញ្ជើញថ្វាយព្រះរាជដំណើរស្តេចយាងដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃព្រះរាជទស្សនកិច្ចនេះ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា លោកជំទាវ ដ្រៅផាឌី មឺមូ Droupadi Murmu និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយព្រះករុណាព្រះមហាក្សត្រខ្មែរ ដែលក្នុងឱកាសនោះ កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ត្រូវបានលើកយកមកពិភាក្សា។

ក្រសួងការបរទេសនៃប្រទេសឥណ្ឌា បានសរសេរចាត់ទុក ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ នៃប្រទេសកម្ពុជាថា ជាការពង្រឹងទំនាក់ទំនងអារ្យធម៌ នៃប្រទេសទាំង២កាន់តែស៊ីជម្រៅ ខណៈក្រសួងការបរទេសកម្ពុជា បានសរសេរថា «ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ក្នុងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំង២ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ ឫសយ៉ាងជ្រៅនៅក្នុងបេតិកភណ្ឌវប្បធម៌ សាសនានិងប្រវត្តិសាស្ត្ររួមដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនប្រទេសទាំង២»។

ads banner