២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់ករណី (Video Inside)

ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏បានបន្តរកឃើញឆ្លងថ្មី ៩ករណី ថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាលការឆ្លងថ្មី៩ករណី នៅកម្ពុជាថ្ងៃនេះ គឺកើនឡើងមកវិញចំនួន ៨ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ដោយឡែកនៅក្នុងអាស៊ានទាំងមូល តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ១៥០ករណី ដែលជាតួលេខឆ្លងបន្តថយចុះចំនួន ៣៩៦ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។

ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, ឡាវ និងប្រទេសកម្ពុជា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៨៥៥ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសឡាវ ដែលមានការឆ្លងតែ១ករណីប៉ុណ្ណោះ។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, ប្រុយណេ, និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ៨នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៩ម៉ឺន ២៦ករណី, និងការស្លាប់ សរុបមានចំនួន ៣៦ម៉ឺន ៧ពាន់ ៨៣០នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៩ លានករណី, និងការស្លាប់មានជាង ៦លាន ៨៨ម៉ឺននាក់៕

ads banner