សម្តេចតេជោ ហ៊ុន សែន ថ្លែងថាព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនឹងមានការបាញ់កាំជ្រួចច្រើន (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម នឹងត្រៀមរៀបចំយ៉ាងអ៊ឹកអធិកមិនចាញ់ការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមឡើយ។ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម នឹងឈានមកដល់វេលាថ្ងៃចុងសប្តាហ៍នេះហើយ។ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនឹងមានរយៈពេលមួយសប្តាហ៍រវាងពីថ្ងៃទី៣ដល់៩មិថុនាឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សួររដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន នៅថ្ងៃទី៣១ឧសភានេះក្នុងការចង់ដឹងថាតើការរៀបចំបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមមានលក្ខណៈបែបណា។

អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា លោក យី វាសនា បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១២នេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានរៀបចំកីឡាករចំនួន១៧៦នាក់ និងកីឡារិនីចំនួន៧៦នាក់ សរុបអត្តពលិក ចំនួន ២៥២នាក់។ លោកបន្តថាក្នុងចំណោមអត្តពលិកជនពិការទាំង២៥២នាក់ មានជនពិការភ្នែក ៣២ នាក់ ស្រី៦នាក់, ចលករខួរក្បាល២៣នាក់ ស្រី៥នាក់ ពិការសតិបញ្ញា៤នាក់ ស្រី ១នាក់។

អត្តពលិកជនពិការកម្ពុជា ចូលរួមប្រកួតលើវិញ្ញាសារសរុបចំនួន ២៦១វិញ្ញាសា, វិញ្ញាសាបុរសចំនួន១៦០, វិញ្ញាសានារីចំនួន៨០, វិញ្ញាសាគូចម្រុះចំនួន៦, និងវិញ្ញាសាក្រុម ចំនួន១៣។ កម្ពុជារំពឹងថាក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិករយៈពេល១សប្តាហ៍ខាងមុខនេះ នឹងអាចស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម១១ប្រទេស នៃសមាជិកអាស៊ានដែលចូលរួម។

ads banner