សម្តេចតេជោ ហ៊ុន សែន ៖ កិច្ចការវិស័យយុត្តិធម៌ និងតុលាការរបស់យើងត្រូវធ្វើការកែទម្រង់បន្តទៀត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា កិច្ចការវិស័យយុត្តិធម៌ និងតុលាការរបស់យើង ត្រូវធ្វើការកែទម្រង់បន្តទៀត ។ សម្ដេចថា កែទម្រង់ ៩៩% រស់ បើមិនកែទម្រង់ ៩៩% ស្លាប់ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រសាសន៍ដូច្នេះនៅព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម, សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា”សរុបចំនួន១៨៣៥ នាក់ ។
សម្តេចតេជោ បានមានប្រសាសន៍បន្តថា កន្លងមក យើងផ្ដួចផ្ដើមឲ្យមានសាលាឧទ្ធរណ៍ភូមិភាគ។ បើមិនមានសាលាឧទ្ធរណ៍នៅតាមភូមិភាគទេ ច្បាស់ជាសំណុំរឿងកកស្ទះ នៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញច្រើន ។
សម្តេច ថា ហេតុនេះហើយ ទើបយើងខិតខំបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកវិស័យយុត្តិធម៌ និងតុលាការ ដោយបង្កើនក្របខ័ណ្ឌនៅតាមតុលាការ សាលាឧទ្ធរណ៍ នៅតាមបណ្ដាខេត្ត។ សម្តេចបន្តថា ចៅក្រមរបស់យើងនៅក្នុងតុលាការកំពូលបច្ចុប្បន្នចាស់ៗណាស់ទៅហើយ ខ្លះមានអាយុដល់៨០ឆ្នាំហើយ។ អញ្ចឹងយើងត្រូវការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យតុលាការនេះឱ្យបានច្រើន ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ




